ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កាសែត CNN បានរាយការណ៍ថា ២០ថ្ងៃដំបូងនៃខែធ្នូចិនបានរកឃើញអ្នកឆ្លងកូវីដ-១៩រហូតដល់ ២៥០លាននាក់

    BY Khmernote Media December 26, 2022
    កាសែត CNN បានរាយការណ៍ថា ២០ថ្ងៃដំបូងនៃខែធ្នូចិនបានរកឃើញអ្នកឆ្លងកូវីដ-១៩រហូតដល់ ២៥០លាននាក់

    ចិន៖ កាសែត CNN បានរាយការណ៍ថា នៅក្នុងរយៈពេល ២០ថ្ងៃដំបូងនៃខែធ្នូ ឆ្នាំ ២០២២នេះ នៅក្នុងប្រទេសចិនមានករណីអ្នកឆ្លងជំងឺកូវីដ-១៩ ប្រមាណជា ២៥០លាននាក់ ខណៈតួលេខនេះគឺជាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩យ៉ាងឆាប់រហ័សនិងច្រើនបំផុតមិនធ្លាប់មានផងដែរ។ ការចុះផ្សាយរបស់ កាសែត CNN ត្រូវបានធ្វើឡើងដោយផ្អែកទៅលើរបាយការណ៍មួយរបស់អាជ្ញាធរសុខាភិបាលចិន ដែលបានបែកធ្លាយក្នុងអំឡុងពេលនៃកិច្ចប្រជុំ ខណៈតួលេខផ្លូវការដែលបានផ្សព្វផ្សាយដោយអាជ្ញាធរចិនបានបង្ហាញថា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ នៅចិនមិនមានចំនួនច្រើនគួរឲ្យព្រួយបារម្ភនោះទេ។

    ប្រភពខាងលើបានបន្តទៀតថា កាលពីថ្ងៃអង្គារសប្តាហ៍មុនគឺអាជ្ញាធរសុខាភិបាលចិនបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ រហូតដល់ ៣៧លាននាក់ ដែលជាតួលេខអ្នកឆ្លងដ៏ច្រើនមិនធ្លាប់មានទាំងនៅក្នុងប្រទេសចិននិងនៅក្នុងបរិបថនៃពិភពលោកទាំងមូលផងដែរ។ ប្រសិនបើតួលេខដែលកាសែត CNN បានចុះផ្សាយខាងលើនេះគឺជាការពិតមែននោះគឺវាមានន័យថា ពលរដ្ឋចិន ១៨% ក្នុងចំណោមពលរដ្ឋសរុប ១,៤ពាន់លាននាក់បានឆ្លងជំងឺកូវីដ-១៩ ហើយតួលេខនេះនឹងរុញឲ្យប្រទេសចិនក្លាយជាប្រទេសដែលមានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ច្រើនជាងនៅក្នុងពិភពលោកផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ CNN

    Share This Post: