អាជ្ញាធរម៉ាឡេស៊ី៖ ការស្វែងរកយន្តហោះ MH370 ដែលបាត់ខ្លួនអស់ជាច្រើនឆ្នាំ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែមិថុនានេះហើយ
ម៉ាឡេស៊ី៖ បើយោងតាមអាជ្ញាធរម៉ាឡេស៊ីបានឲ្យដឹងថា យុទ្ធនាការស្វែងរកយន្តហោះ MH370 គ្រោងនឹងបញ្ចប់នៅក្នុងពាក់ កណ្តាលខែមិថុនា ខាងមុខនេះហើយ ខណៈដែលមានគ្រួសារជាច្រើនបានរងចាំទទួលដំណឹងពីយន្តហោះនេះអស់រយៈពេល៤ឆ្នាំមកហើយ។
សូមរលឹកឡើយវិញថា យន្តហោះ MH370 របស់ម៉ាឡេស៊ីបានបាត់ខ្លួនកាលពីថ្ងៃ៨ ខែមីនា ឆ្នាំ២០១៤ ដែលក្នុងយន្តហោះមានផ្ទុកអ្នកដំណើរចំនួន២៣៩នាក់។ អ្នកដំណើរដែលនៅក្នុងយន្តហោះនោះភាគច្រើនជាភ្ញៀវជនជាតិចិន ហើយជើងហោះហើរមួយនេះមានគោលដៅចេញពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន។ យន្តហោះបានបាត់ខ្លួននៅពេលកំពុងហោះហើរ ហើយគេបានព្យាយាមស្វែងក្នុងផ្ទៃក្រឡា ១២០,០០០ ម៉ែត្រការ៉េហើយ តែនៅតែមិនអាចរកឃើញទៀត។
មិនត្រឹមតែរកមិនឃើញយន្តហោះនោះទេ សូម្បីតែតម្រុយ ឬដាន ពីយន្តហោះក៏គេមិនអាចរកឃើញដែរ។ ហើយយុទ្ធការថ្មីមួយទៀតនេះ ទំនងជាបញ្ចប់ទៅវិញដោយគ្មានលទ្ធផលអ្វីជាដុំកំភួនទៀត។ យ៉ាងណាក្តី ក្រុមការងារនៅតែមិនទាន់បោះបង់ក្តីសង្ឃឹមក្នុងការស្វែងរកនោះឡើយ ដោយគេគ្រោងនឹងរកមធ្យោបាយថ្មីៗជាច្រើនទៀតស្វែងរកយន្តហោះដែលបានបាត់នេះ៕

ភក្តី
ប្រភព៖ coconuts