អេស្ប៉ាញសម្រេចតម្រូវឲ្យអ្នកដំណើរមកពីប្រទេសចិនទាំងអស់ត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩
- BY
- Pheakdey
- December 30, 2022
អេស្ប៉ាញ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសអេស្ប៉ាញបានសម្រេចនៅថ្ងៃសុក្រ ទី៣០ ខែធ្នូនេះថា នឹងតម្រូវឲ្យអ្នកដំណើរមកពីប្រទេសចិនទាំងអស់ត្រូវតែបង្ហាញលទ្ធផលតេស្តអវិជ្ជមានជំងឺកូវីដ-១៩ ឬបង្ហាញឯកសារថាបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ពេលធ្វើដំណើរមកដល់ទឹកដីអេស្ប៉ាញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times។ គួរបញ្ជាក់ជូនថា អេស្ប៉ាញគឺជាប្រទេសទី ៣ហើយ ដែលបានសម្រេចអនុវត្តវិធានការតឹងរឹងចំពោះអ្នកដំណើរមកពីប្រទេសចិន ខណៈកាលពីពេលថ្មីៗនេះសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូងទើបតែបានសម្រេចអនុវត្តវិធានការស្រដៀងគ្នានេះផងដែរ។

ប្រភពខាងលើបានបន្តថា ដើម្បីអនុវត្តវិធានការខាងលើនេះឲ្យមានប្រសិទ្ធភាពគឺអាជ្ញាធរអេស្ប៉ាញនឹងដាក់ពង្រាយក្រុមបុគ្គលិកសុខាភិបាលជាច្រើននាក់នៅតាមប្រលានយន្តហោះ ដើម្បីធ្វើការត្រួតពិនិត្យក្រុមអ្នកដំណើរទាំងអស់ដែលបានធ្វើដំណើរចេញមកពីប្រទេសចិន។ គួរបញ្ជាក់ជូនផងដែរថា ហេតុផលដែលប្រទេសជាច្រើនសម្រេចអនុវត្តវិធានការតឹងរឹងចំពោះអ្នកដំណើរមកពីប្រទេសចិននោះក៏ព្រោះថា គេបានទទួលដំណឹងក្រៅផ្លូវការថានៅក្នុងប្រទេសចិនកំពុងមានការរាតត្បាតជំងឺកូវីដ-១៩យ៉ាងខ្លាំង ខណៈនៅពេលនេះអាជ្ញាធរចិនក៏បានសម្រេចលើកលែងការរឹតបន្តឹងប្រទេសថែមទៀត ក្រោយពេលពលរដ្ឋចិនជាច្រើននាក់នាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងកងកម្លាំងរបស់អាជ្ញាធរចិន៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






