ម្ដាយ និងកូនស្រី កំពុងសម្រាកមើលទូរទស្សន៍ស្រាប់តែមានសារផ្ញើចូលទូរស័ព្ទថា៖ «មានមនុស្សចូលផ្ទះបាយ» ពួកគេក៏ស្ទុះចូលទៅផ្ទះបាយភ្លាម ស្រាប់តែ…
អ្នកស្រី Jennifer Hodge ដែលជាម្ដាយនៃកូនពីរនាក់ រស់នៅក្នុងទីក្រុង Atlanta សហរដ្ឋអាមេរិក។ កាលពីសប្តាហ៍មុនស្របពេលគាត់កំពុងមើលទូរទស្សន៍ជាមួយនឹងកូនស្រីឈ្មោះ Lauren អាយុ ២១ឆ្នាំ ស្រាប់តែគាត់បានទទួលបានសារជូនដំណឹងនៅលើទូរស័ព្ទរបស់គាត់ដោយមានខ្លឹមសារថា៖ «ប្រទះឃើញមនុស្សម្នាក់នៅផ្លូវច្រកចូលផ្ទះបាយ»។ នៅពេលដែលពួកគេបើកមើលកាមេរ៉ាសុវត្ថិភាព ពួកគេបានឃើញមនុស្សម្នាក់ដែលមានសម្លៀកបំពាក់ពណ៌ស និងមើលទៅដូចកូនប្រុស និងបងប្រុស របស់ពួកគេដែលមានឈ្មោះថា Robbie ដែលគាត់បានស្លាប់កាលពី ២ឆ្នាំ មុនដោយសារប្រើថ្នាំជ្រុល។
ភ្លាមនោះអ្នកទាំងពីរបានរត់ទៅផ្ទះបាយទាំងភាពភ័យខ្លាច ដោយចង់ស្វែងរកការពិតថា មាននរណាម្នាក់លបចូលផ្ទះបាយរបស់គាត់ ឬយ៉ាងណា ប៉ុន្តែពេលដែលពួកគេមកដល់ គឺគ្មានវត្តមាននរណាម្នាក់ក្រៅពីពួកគេទាំង ២ នោះទេ! អ្នកស្រី Jennifer វ័យ ៥៧ឆ្នាំ បានអះអាងថា គាត់នៅតែ «ភិតភ័យ» បន្ទាប់ពីឃើញរូបចម្លែកនេះ ប៉ុន្តែគាត់ក៏មានការស្ងប់ចិត្តដែរ ព្រោះគាត់ជឿជាក់ថា វាជាព្រលឹងកូនប្រុសរបស់គាត់។ គាត់មិនចង់ជឿនោះទេថា វាជាព្រលឹងកូនប្រុសគាត់ ប៉ុន្តែព្រលឹងនោះគឺពិតជាកូនប្រុសគាត់មែន ដោយគេមានពុកចង្ការ និងរូបរាងដូចគ្នាជាមួយនឹង Robbie ។
លោក Robbie ត្រូវបានគេឱ្យដឹងមកថា ទទួលមរណភាពនៅវ័យ ២៣ឆ្នាំ កាលពីថ្ងៃ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយសារប្រើថ្នាំជ្រុល។ ម្តាយរបស់គាត់បានអះអាងថា គាត់គឺជា «មនុស្សម្នាក់ដែលយកចិត្តទុកដាក់ និងស្រឡាញ់មនុស្សជុំវិញខ្លួនបំផុត» ហើយម្ដាយកូនទាំងពីរក៏ធ្លាប់បានចូលរួមមូលនិធិសប្បុរសធម៌ដើម្បីជួយដល់អ្នកដែលញៀននឹងសារធាតុញៀនផងដែរ៕



អត្ថបទ៖ លីដា
ប្រភព៖ thesun