រថយន្ត Tesla មួយគ្រឿងកំពុងតែបើកបរស្វ័យប្រវត្តិសុខៗ ស្រាប់តែជាន់ហ្វ្រាំងខ្លួនឯង បណ្ដាលឱ្យរថយន្ត ៨គ្រឿងបន្តកន្ទុយគ្នាពេញផ្លូវ (មានវីដេអូ)
អាមេរិក៖ វីដេអូថតដោយកាមេរ៉ាសុវត្ថិភាពមួយនៅស្ពាន San Francisco Bay បានបង្ហាញពីទិដ្ឋភាពរថយន្ត Tesla Model S មួយគ្រឿង ដែលកំពុងបើកបរសុខៗក៏ស្រាប់តែជាន់ហ្វ្រាំងដោយខ្លួនឯង ហើយឈប់ភ្លាមៗ នៅក្នុងផ្លូវរូងក្រោមដីរបស់ស្ពាន ដែលធ្វើឱ្យរថយន្តចំនួន ៨គ្រឿងបើកមកពីក្រោយបុកបន្តបន្ទុយគ្នាពេញផ្លូវ នេះបើយោងតាមរបាយការណ៍ពី The Intercept ។ ហេតុការណ៍នោះបានកើតឡើងតាំងពីថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅ ដែលបណ្ដាលឱ្យមានការស្ទះផ្លូវរយៈពេលជាង ១ម៉ោង និងបណ្តាលឱ្យមនុស្ស ៩ នាក់រងរបួស រួមមានទាំងក្មេងអាយុ ២ ឆ្នាំម្នាក់ផងដែរ ហើយគិតមកដល់ពេលនេះការស្រាវជ្រាវលើករណីនេះនៅមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយនោះទេ។

អ្នកបើកបររថយន្តបានប្រាប់ប៉ូលីសក្នុងតំបន់ថា នៅកំឡុងពេលកើតហេតុ រថយន្តរបស់គាត់កំពុងតែបើកបរដោយស្វ័យប្រវត្ថិតាមរយៈកម្មវិធី Full Self-Driving (FSD) របស់ក្រុមហ៊ុន Tesla ហើយរថយន្តរបស់គាត់ក៏បានបត់ចូលគន្លងខាងឆ្វេងបំផុត នៅមុនពេលរថយន្តចាប់ហ្វ្រាំងដោយខ្លួនឯង ហើយឈប់ភ្លាមៗនៅនឹងកន្លែង។ ឥឡូវនេះ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ NHTSA និងនាយកដ្ឋានដឹកជញ្ជូនរដ្ឋកាលីហ្វ័រញ៉ា កំពុងធ្វើការស៊ើបអង្កេតលើបញ្ហានេះ ដោយសារនេះមិនមែនជាលើកទី១នោះទេ ដែលប្រព័ន្ធស្វ័យប្រវត្តិរបស់ Tesla បានធ្វើឱ្យមានផលរំខាន និងគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
ជម្រាបដែរថា FSD គឺជាកម្មវិធីបន្ថែមលើមុខងារជំនួយអ្នកបើកបរស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Tesla ដែលអាចឱ្យរថយន្តផ្លាស់ប្តូរគន្លង ចូល និងចេញពីផ្លូវហាយវេ ស្គាល់ស្លាកសញ្ញាឈប់ និងភ្លើងចរាចរណ៍ និងឈប់ចតដោយស្វ័យប្រវត្តិ។ កម្មវិធីនេះកំពុងស្ថិតក្នុងការសាកល្បង (Beta) ហើយវានៅតែទាមទារឱ្យមានកម្មវិធីបញ្ជាដែលមានអាជ្ញាប័ណ្ណទទួលស្គាល់ ដើម្បីត្រួតពិនិត្យប្រព័ន្ធនេះគ្រប់ពេលវេលា។ ជាមួយគ្នានេះ គិតត្រឹមថ្ងៃទី២២ ខែធ្នូ យ៉ាងហោចណាស់មានករណីចំនួន ៤១ ដែលពាក់ព័ន្ធនឹងរថយន្ត Tesla ដោយសារបញ្ហាស្វ័យប្រវត្តិរបស់ក្រុមហ៊ុន រួមមានហ្វ្រាំងសង្គ្រោះបន្ទាន់ស្វ័យប្រវត្តិ និង Autopilot ឬ FSD នេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Business Insider