អ្នកនេសាទម្នាក់អះអាងថា គាត់បានឃើញយន្តហោះ MH370 ផ្ទាល់ភ្នែកកាលពីជិត ៥ឆ្នាំមុន
ឥណ្ឌូនេស៊ី៖ អ្នកនេសាទជនជាតិឥណ្ឌូនេស៊ីម្នាក់បានអះអាងថា បានដឹងពីកន្លែងពិតប្រាកដ ដែលយន្តហោះ MH370 បានធ្លាក់ចូលសមុទ្រស៊ូម៉ាត្រា។ អ្នកនេសាទម្នាក់នោះមានឈ្មោះថា Rusli Khusmin អាយុ ៤២ឆ្នាំ បាននិយាយថា គាត់ និងសមាជិកនាវិករបស់គាត់បានមើលឃើញពីគ្រោះមហន្តរាយនៃជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ទៅទីក្រុងប៉េកាំង ដែលដឹកមនុស្ស ២៣៩នាក់ និងបានបាត់ខ្លួននៅព្រឹកថ្ងៃទី ៨ ខែមីនា ឆ្នាំ២០១៤ ។ លោកបានកត់ត្រាកូអរដោនេនៃកន្លែង ដែលលោកអះអាងថា យន្ដហោះ MH370 បានចូលក្នុងទឹក នៅលើឧបករណ៍ GPS ហើយបានលើកឡើងនូវផែនទីនៃកន្លែងកើតហេតុដើម្បីបង្ហាញមកអ្នកសារព័ត៌មាន។
នៅឯសន្និសីទសារព័ត៌មានមួយនៅស៊ូបាងចាយ៉ា ជិតទីក្រុងកូឡាឡាំពួ ដែលជាកន្លែងយន្តហោះ MH370 បាត់ខ្លួន អ្នកនេសាទម្នាក់នោះគាត់បាននិយាយថា គាត់បានឃើញយន្តហោះហោះពីឆ្វេងទៅស្តាំដូចខ្លែងខ្សែរេ គ្មានឮសំឡេងអ្វីទេគ្រាន់តែមានហុយផ្សែងខ្មៅប៉ុណ្ណោះ ដោយសារភ្លើងឆេះមុនពេលវាធ្លាក់ចូលក្នុងទឹក និងមានក្លិននៃចំហាយអាស៊ីតដ៏ខ្លាំងក្លានៅលើអាកាសមុនពេលយន្តហោះធ្លាក់ចុះមក។ យ៉ាងណាមិញគាត់មិនបានពន្យល់ពីមូលហេតុដែលថា ហេតុអ្វីអស់រយៈពេលជិត ៥ឆ្នាំ ទៅហើយ ទើបគាត់រាយការណ៍ពីព្រឹត្តិការណ៍ទៅអាជ្ញាធរនោះទេ ប៉ុន្តែគាត់បានប្រគល់ទិន្នន័យដែលមានផ្ទុកភស្តុតាងដែលអះអាងពីការធ្លាក់នេះ៕









អត្ថបទ៖ លីដា
ប្រភព៖ dailymail