អស់ទាស់តែម្តង! បុរសម្នាក់សុំទានតាមផ្លូវសោះ មានលុយដាក់ធនាគារ សល់ដី សល់ផ្ទះ សរុបទៅជិត១០ម៉ឺនដុល្លារ
ឥណ្ឌូនេស៊ី៖ អ្នកសុំទានម្នាក់ឈ្មោះ Legiman អាយុ ៥២ឆ្នាំ នៅក្នុងទីក្រុង Jawa Tengah ប្រទេសឥណ្ឌូនេស៊ីបានសារភាពថា មានទ្រព្យសម្បត្តិមានតម្លៃជិត១០០,០០០ដុល្លារអាមេរិក បន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរអំឡុងប្រតិបត្តិការប្រឆាំងនឹងអ្នកគ្មានផ្ទះសំបែង និងអ្នកសុំទានកាលពីថ្ងៃសៅរ៍ ទី១២ ខែមករា។ ក្រោយការស៊ើបអង្កេត Legiman ត្រូវបានគេនិយាយថា មានផ្ទះមានតម្លៃប្រហែល ១៧,០០០ដុល្លារអាមេរិក មានដីមួយកន្លែង ដែលមានតម្លៃជិត ២០,០០០អាមេរិក និងគណនីសន្សំប្រាក់ ដែលមានតម្លៃប្រហែល ៦៣,០០០ដុល្លាអាមេរិកនៅក្នុងធនាគារ។
ទោះជាយ៉ាងណាក៏ដោយលោក Legiman ត្រូវបានដោះលែង និងអនុញ្ញាតឱ្យរក្សាប្រាក់របស់គាត់ដដែល ប៉ុន្តែត្រូវបានគេព្រមានមិនឱ្យសុំទាននៅលើដងផ្លូវម្តងទៀតទេ។ យោងទៅតាម Tribun News បានឱ្យដឹងថា អាជ្ញាធរបានរំលឹកឱ្យសាធារណជនបញ្ឈប់ការសន្មតថាអ្នកសុំទានទាំងអស់គឺជាអ្នកក្រ ហើយមិនគួរផ្តល់លុយដល់ពួកគេនោះទេ ព្រោះវាចាត់ទុកថា ជាបទល្មើសមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ីដោយមានពិន័យជាប្រាក់ចំនួន ៧០ដុល្លារអាមេរិក។



អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz