កប៉ាល់ដឹកប្រេងយ៉ាងធំមួយនៅប្រទេសថៃបានឆាបឆេះឡើង ដែលបានឆក់យកជីវិតមនុស្សម្នាក់ និងបាត់ខ្លួន ៤នាក់
កប៉ាល់ដឹកប្រេងដ៏ធំមួយដែលបានចូលចតនៅខេត្ត Samut Songkhram នៅភាគនិរតីទីក្រុងបាងកក បានផ្ទុះ និងឆាបឆេះឡើង នៅម៉ោង ៩ និង ៣០ នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ បច្ចុប្បន្នមនុស្សម្នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់ ហើយមនុស្ស ៤នាក់ទៀត កំពុងបាត់ខ្លួននៅឡើយ។ ក្រុមពន្លត់អគ្គិភ័យមកពីស្ថានីយ៍ពន្លត់អគ្គិភ័យ Muang Samut Songkram បានគ្រប់គ្រងការឆេះនៅកំពង់ផែ នៅឯសង្កាត់ Laem Yai លើទន្លេ Mae Klong។ ខណៈដែលកប៉ាល់បានដឹកប្រេងមានបរិមាណច្រើន ក្រុមអ្នកពន្លត់អគ្គិភ័យត្រូវប្រើហ្វម ជាមួយនឹងទឹក ដើម្បីពន្លត់អណ្តាតភ្លើង។

ស្ថានីយពន្លត់អគ្គិភ័យ Muang Samut Songkram ក៏បានផ្សាយផ្ទាល់តាមហ្វេសប៊ុកពីកន្លែងកើតហេតុ ខណៈដែលផ្សែងនៅតែហុយចេញពីកប៉ាល់ គិតត្រឹមថ្ងៃត្រង់នេះ។ អគ្គនាយករងនៃនាយកដ្ឋានសមុទ្រ លោក Phuriphat Thirakhunphisuth បាននិយាយថា មូលហេតុនៃការផ្ទុះនេះ មិនទាន់ដឹងនៅឡើយទេ។ សេចក្តីរាយការណ៍បាននិយាយថា ការផ្ទុះនេះត្រូវបានឮដល់ចម្ងាយ ១០គីឡូម៉ែត្រ។ មជ្ឈមណ្ឌលបញ្ជាការដ្ឋានអនុវត្តច្បាប់ដែនសមុទ្រថៃបានរាយការណ៍ថា ការផ្ទុះបានធ្វើឱ្យបែកកញ្ចក់បង្អួចផ្ទះនៅក្បែរនោះ ដែលបណ្តាលឱ្យមនុស្ស ២ នាក់ រងរបួសផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ The Thaiger