លោក Thierry Henry បានស្នើសុំទៅ Manchester United ដើម្បីសុំ Marouane Fellaini មកកាន់ Monaco ក្នុងលក្ខខ័ណ្ឌខ្ចីជើង
- January 19, 2019
គ្រូបង្វឹករបស់ក្លឹប AS Monaco លោក Thierry Henry បានទាក់ទងទៅកាន់ក្លឹបបិសាចក្រហម Manchester United ក្នុងការស្នើសុំយកខ្សែបម្រើ Marouane Fellaini មកកាន់ទឹកដីបារាំងក្នុងលក្ខខ័ណ្ឌខ្ចីជើង នេះយោងតាមការចុះផ្សាយរបស់សារពត៌មាន Daily Mail។

បន្ទាប់ពីលោក Leonardo Jardim ត្រូវបានបណ្ដេញចេញពីដំណែងគ្រូបង្វឹករបស់ក្លឹប AS Monaco ហើយតែងតាំងលោក Thierry Henry មកធ្វើជាគ្រូបង្វឹករួចមក អតីតខ្សែប្រយុទ្ធរបស់ក្លឹបកាំភ្លើងធំ Arsenal បានប្ដេជ្ញាស្រោចស្រង់ក្លឹប Monaco ឡើងបន្ទាប់ពីម្ចាស់ពានរង្វាន់លីគកំពូលបារាំងរដូវកាល 2016/2017 មួយនេះធ្លាក់ទំរង់លេងយ៉ាងខ្លាំង។ លោក Thierry Henry ពេលនេះកំពុងតស៊ូព្យាយាមជួយឲ្យ Monaco ឆ្លងផុតពីតំបន់កាត់ចោលរបស់លីគកំពូល Ligue 1 បារាំង ខណៈដែលពេលនេះការប្រកួតបានដំណើរការបានរយៈពេលពាក់កណ្ដាលរដូវកាលទៅហើយ។
ក្រោយពេលលោក Thierry Henry កាន់ដំណែងជាគ្រូបង្វឹកក្លឹប Monaco រួចមក គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបាននាំយកខ្សែបម្រើចាស់វស្សាដែលជាអតីតមិត្តរួមក្រុមរបស់គេនៅ Arsenal គឺកីឡាករ Cesc Fabregas មកកាន់ Monaco កាលពីសប្ដាហ៍មុន ហើយពេលនេះលោក Thierry Henry បានទាក់ទងទៅកាន់ក្លឹបបិសាចក្រហម Manchester United ដើម្បីស្នើសុំខ្ចីជើងខ្សែបម្រើ Marouane Fellaini មកជួយក្លឹប។

បុត្រ
ប្រភព៖ Goal
- Share This Post:






