អន្តរជាតិ

មន្ទីរបញ្ចកោណអាមេរិកអះអាងថា បាឡុងដែលជាចារកម្មរបស់ចិនបានហោះកាត់ទឹកអាមេរិកនិងកំពុងពិចារណាធ្វើការបាញ់ទម្លាក់

BY
Liny Chan
February 3, 2023

អាមេរិក៖ មន្ទីរបញ្ចកោណអាមេរិកបានអះអាងថា បាឡុងដែលជាចារកម្មរបស់រដ្ឋាភិបាលចិនបានហោះកាត់ទឹកដីអាមេរិកជាច្រើនថ្ងៃមកហើយ នេះបើយោងតាមចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ​ ទី៣ ខែកុម្ភៈនេះ។ គួរបញ្ជាក់ជូនថា រឿងរ៉ាវចម្រូងចម្រាសទាក់ទងនឹងបញ្ហាចារកម្មរវាងប្រទេសមហាអំណាចទាំង ២នេះ តែងកើតមានជារឿយៗនាពេលកន្លងមក​ ពោលគឺបញ្ហានេះមិនមែនជារឿងថ្មីឡើយ។

យ៉ាងណាក្តី រឿងចម្រូងចម្រាសចាស់មួយនេះបានកើតឡើងនៅក្នុងរូបភាពថ្មី ត្បិតនាពេលកន្លងមកអាមេរិកតែងចោទប្រកាន់ថាក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិនមានដូចជា ក្រុមហ៊ុនទូរស័ព្ទ ក្រុមហ៊ុនលក់និងផ្តល់សេវាកាមេរ៉ាសុវត្ថិភាព និងសូម្បីតែក្រុមហ៊ុនបណ្តាញសង្គម TikTok គឺសុទ្ធតែជាចារកម្មជួយស៊ើបការសង្ងាត់ឲ្យរដ្ឋាភិបាលចិន ខណៈនាពេលនេះអាមេរិកបានចោទប្រកាន់រឿងដដែលនេះទៅលើបាឡុងដែលបានហោះនៅលើអាកាសវិញម្តង។ ប្រភពខាងលើបានបន្តថា នៅក្នុងអំឡុងពេលនេះមានមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើននាក់កំពុងស្នើសុំទៅលោកប្រធានាធិបតី ចូ បៃឌិន ដើម្បីបាញ់ទម្លាក់បាឡុងរបស់ចិននោះហើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: