PR

អេសស៊ីជី ប្រកាសលទ្ធផលប្រតិបត្តិការឆ្នាំ២០២២ ព្រមជាមួយយុទ្ធសាស្រ្តដើម្បីដោះស្រាយការកើនឡើងនូវតម្លៃថាមពល និងបញ្ហាសំខាន់ៗដើម្បីគោរពតាមនិន្នាការធំរបស់សាកលលោក ចាប់យកឱកាសថ្មីដើម្បីធានាបាននូវស្ថិរភាពហិរញ្ញវត្ថុ

BY
Liny Chan
February 6, 2023

បាងកក ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៣ – ក្រុមហ៊ុន អេសស៊ីជី (SCG) បានប្រកាស ពីលទ្ធផលប្រតិបត្តិការ ឆ្នាំ២០២២ ដែលបង្ហាញ ឲ្យឃើញពីការកើនឡើងនូវប្រាក់ចំណូលពីការលក់ប៉ុន្តែ ប្រាក់ចំណេញ មានការធ្លាក់ចុះ ដែលបណ្ដាលមកពីការចំណាយលើថ្លៃថាមពល មានការកើនឡើងខ្លាំង បញ្ហាអតិផរណា និងដំណើរធ្លាក់ចុះ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន និងបញ្ហាវិបត្តិ គីមីឥន្ធនៈ ។ ជាការ ឆ្លើយតប អេសស៊ីជី បានបង្កើនការពង្រីកលើអាជីវកម្មថ្មីៗ ហើយផ្ដល់អាទិភាពលើ ផលិតផលបៃតង ដើម្បីបំពេញតាមតម្រូវការជានិន្នាការធំ និងចាប់យកឱកាស អំឡុងពេលសេដ្ឋកិច្ចងើបឡើងវិញ ក៏ដូចជា ទ្រទ្រង់ដល់កំណើននៃការលូតលាស់។ អាជីវកម្ម ថាមពលកកើតឡើងវិញរបស់ខ្លួន បានកើនឡើង ៧៨% ហើយក្នុងនោះ ការលក់ប៉ូលីមែរ បៃតង បានកើនឡើងលើស ១៤០.០០០ តោន និង បានកើនឡើង ៥ ដង។ ទន្ទឹមនឹងនោះ ដំណោះស្រាយសន្សំសំចៃថាមពល បានទីផ្សារទទួលការស្វាគមន៍ប្រកបដោយភាពវិជ្ជមាន ដោយបានកើនឡើង ៤០% ហើយកំពុងបង្កើននវានុវត្តន៍ សម្រាប់ការវេចខ្ចប់ប្រកបដោយនិរន្តរភាព។ កាលពីពេលថ្មីៗ LSP ត្រូវបានត្រៀម រៀបចំចាប់ផ្ដើម ផលិតកម្ម និងផ្គត់ផ្គង់ លើទីផ្សារ នៅពាក់កណ្ដាលឆ្នាំ ២០២៣ ។ ក្រុមហ៊ុន អេសស៊ីជី ធានាបាននូវហិរញ្ញវត្ថុរឹងមាំ តាមរយះការរក្សាឲ្យបានមុតមាំនូវសន្ទនីយភាព ការកាត់បន្ថយការចំណាយ និងការវិនិយោគដោយប្រុងប្រយ័ត្នស្របតាមយុទ្ធសាស្ត្រ របស់ខ្លួន។

លោក រ៉ុងរ៉ូត រង្ស៊ី យ៉ូផាស (Roongroote Rangsiyopash) ជាប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អេសស៊ីជី មានប្រសាសន៍ថា៖ “នៅក្នុងលទ្ធផលប្រតិបត្តិការ របស់អេសស៊ីជី ឆ្នាំ២០២២ ប្រាក់ចំណូល គឺមានទំហំទឹកប្រាក់ ៦៦.៤២៣ ពាន់លានរៀល (១៦.២៤៤ លានដុល្លារសហរដ្ឋអាមេរិក) គឺបានកើនឡើង ៧% ធៀបនឹងឆ្នាំមុន ។ ប្រាក់ចំណេញសម្រាប់ឆ្នាំ២០២២ គឺ ២.៤៨៦ ពាន់លានរៀល (៦១០ លានដុល្លារ) គឺបានធ្លាក់ចុះ ៥៥% ដោយសារតែដំណើរធ្លាក់ចុះនៃសេដ្ឋកិច្ច វិបត្តិគីមី ឥន្ធនៈ និង ចំណាយលើថាមពលកើនឡើង។ ទន្ទឹមនឹងនេះ សម្រាប់ត្រីមាសទី៤ នៃឆ្នាំ២០២២ ប្រាក់ចំណេញមានចំនួន ១៨ ពាន់លានរៀល (៤ លានដុល្លារ ) ។ ទាំងអស់នេះ ក៏ដោយសារតែវិបត្តិជាច្រើនដែលកើតចេញពី សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ការកើនឡើងយ៉ាងគំហុកនូវតម្លៃ ធ្យូងថ្ម និង អគ្គិសនី បញ្ហា អតិផរណា ដំណើប្រែប្រួល ខ្លាំងនៃតម្លៃប្រាក់បាតថៃ ការធ្លាក់ចុះនៃសេដ្ឋកិច្ច ប្រទេសចិន និង បញ្ហាវិបត្តិគីមីឥន្ធនៈធំបំផុត ក្នុងរយៈកាល ២០ឆ្នាំមកនេះ។ ផ្ទុយមកវិញ អេសស៊ីជី បានតាមដានយ៉ាងដិតដល់ចំពោះស្ថានភាពនេះ ហើយបានសម្របខ្លួន ឲ្យបានលឿន ដើម្បីកាត់បន្ថយហេតុប៉ះពាល់ មកលើក្រុមហ៊ុនជារួម ដោយផ្ដោតជាសំខាន់លើ ការរក្សាស្ថិរភាពហិរញ្ញវត្ថុ កាត់បន្ថយចំណាយដោយប្រើប្រាស់ ប្រភពថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាឌីជីថល នៅក្នុងដំណើរការផលិតកម្មរបស់ខ្លួន ហើយកសាងយុទ្ធសាស្ត្រ ដោយប្រុងប្រយ័ត្ន ចំពោះការសម្រេចចិត្ត ក្នុងការវិនិយោគ។ ជាលទ្ធផល ក្រុមហ៊ុនមានសមតុល្យ សាច់ប្រាក់ ត្រឹមត្រូវ ក្នុងចំនួន ១១.០៤៧ លានរៀល (២.៧០៩ លានដុល្លារ សហរដ្ឋអាមេរិក) ។ ទន្ទឹមនឹងនេះ បញ្ហាប្រឈមថ្មីៗ ក៏បានបង្កើតឲ្យមានឱកាស អាជីវកម្មថ្មីៗផងដែរ ជាពិសេសតម្រូវការ ផលិតផល បៃតង ដែលជានិន្នាការធំក្នុងសកលលោក ហើយដែលកើនឡើងជាលំដាប់ ដូចជា ថាមពលកកើតឡើងវិញ ប៉ូលីមែរបៃតង ដំណោះស្រាយសន្សំសំចៃថាមពល និងការវេចខ្ចប់ ប្រកបដោយនិរន្តរភាព។

ក្នុងឆ្នាំ២០២២ ការលក់របស់ SCG Green Choice បានកើនឡើង ៣៤% ឬស្មើនឹង ៥១% នៃការលក់សរុប ដែលលើសពីគោលដៅ។ រាល់អង្គភាពអាជីវកម្មរបស់អេសស៊ីជី បានត្រៀមលក្ខណៈរួចរាល់ក្នុងការ បោះជំហានទៅមុខ ដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួន ។ ស្របពេលដែលវិស័យទេសចរណ៍ និងការប្រើប្រាស់បានកើនឡើងមកវិញនៅឆ្នាំ២០២៣ នេះ សេដ្ឋកិច្ចរបស់ប្រទេសថៃ ត្រូវបានរំពឹងថា នឹងងើបឡើងវិញ ។ ទន្ទឹមនឹងនេះ ទីផ្សារអាស៊ានក៏នឹងប្រសើរឡើង ក្រោយពេលប្រទេសចិនបើកទ្វារប្រទេសឡើងវិញ ។ ក្រោយចប់រដូវរងារ តម្លៃធ្យូងថ្ម ត្រូវបានរំពឹងថា នឹងធ្លាក់ចុះ។ ចំណែកឯអតិផរណា បានបង្ហាញសញ្ញាថា នឹងធ្លាក់ចុះផងដែរ។ ដូច្នេះ អេសស៊ីជី ជឿថា យើង នឹងអាចជំនះលើវិបត្តិនេះ ហើយដោះស្រាយចំពោះតម្រូវការថ្មីៗ បានគ្រប់គ្រាន់”។

លោក ធម្មស័ក សេដ្ឋាឧត្តម (Thammasak Sethaudom) អនុប្រធានប្រតិបត្តិ នៃក្រុមហ៊ុន អេសស៊ីជី មានប្រសាសន៍ ថា៖ “ ដោយសារតែវិបត្តិ ដែលកើតឡើងចេញពីការកើនឡើងយ៉ាងគំហុក នៃតម្លៃធ្យូងថ្ម និងអគ្គិសនី ធ្វើឲ្យអេសស៊ីជី ត្រូវចូលទៅប្រើប្រាស់វិស័យ ថាមពលកកើតឡើងវិញ ដោយមានសមត្ថភាពផលិតបាន ២៣៤ មេហ្គាវ៉ាត់ ក្នុងឆ្នាំ២០២២ គឺកើនឡើង ៧៨% បើធៀបនឹង មួយឆ្នាំកន្លងទៅ ដោយមាន បណ្ដាញផ្គត់ផ្គង់វ័យឆ្លាត សម្រាប់អគារ ឧស្សាហកម្ម និងបណ្ដាញ រោងចក្រឧស្សាហកម្ម សណ្ឋាគារ និងមន្ទីរពេទ្យ។ គម្រោងនេះ ត្រូវបានដំឡើងកាលពីពេលថ្មីៗ នៅក្រុមហ៊ុន Saha-Union Group នៅសង្កាត់ បាងផាកង ដោយបានភ្ជាប់ថាមពលកកើតឡើងវិញ សម្រាប់ ១០ក្រុមហ៊ុន កាត់បន្ថយការចំណាយលើថាមពលបាន ៣០% និងកាត់បន្ថយការ បំភាយ ឧស្ម័នផ្ទះកញ្ចក់កាបូនិច បាន ៣.៦៧០ តោន ក្នុងមួយឆ្នាំៗ។ អាជីវកម្មនេះ ប្រើប្រាស់ជំនាញថាមពលកកើតឡើងវិញរបស់អេសស៊ីជី ដើម្បីកាត់បន្ថយហេតុប៉ះពាល់ពីការកើនឡើងនូវថ្លៃថាមពលដែលបង្កឡើងដោយដំណើឡើងចុះនៃតម្លៃថាមពលលើទីផ្សារពិភពលោក។ ក្នុងឆ្នាំ ២០២២ អេសស៊ីជី បានបង្កើនការប្រើប្រាស់ឥន្ធនៈជំនួសពី ២៦% ដល់ ៣៤% បើធៀបនឹងមួយឆ្នាំមុន ហើយបង្កើនសមត្ថភាព ផលិតថាមពលព្រះអាទិត្យពី ១៣០មេហ្គាវ៉ាត់ ទៅដល់ ១៩៤ម៉េហ្គាវ៉ាត់ បើធៀបនឹងមួយឆ្នាំមុន ។ ព្រមជាមួយគ្នានេះ អេសស៊ីជី បានអនុវត្ត ប្រសើរលើសពីគោលដៅរបស់ខ្លួន តាមរយៈការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់កាបូនិចបាន ៣លានតោន ។ បន្ថែមលើនេះ ក្រុមហ៊ុនក៏កំពុងអភិវឌ្ឍបច្ចេកវិទ្យាចាប់យក និងប្រើប្រាស់កាបូន (CCU) សម្រាប់ផលិតកម្មស៊ីម៉ង់ត៍ នៅក្នុងប្រទេសថៃ និងអាស៊ាន ដើម្បីសម្រេចបាននូវ គោលដៅ គ្មានការបំភាយឧស្ម័ន ឬ Net Zero 2050 ដោយសហការជាដៃគូជាមួយនឹង ក្រុមហ៊ុន Nippon Steel Engineering និង Thai Nippon Steel Engineering & Construction” ។

លោក តាន់ណាវង្ស អារីរ៉ាត់ ឆាគុល ជានាយកប្រតិបត្តិ និងជា ប្រធានក្រុមហ៊ុន SCG Chemicals ឬ SCGC មានប្រសាសន៍ថា៖ “SCGC បន្តអភិវឌ្ឍ ប៉ូលីមែរបៃតង ដែលមានភាពនវានុវត្តន៍របស់ខ្លួន ឈ្មោះថា ‘SCGC GREEN POLYMERTM’ ដែលបានទទួលការគាំទ្រច្រើន ពីទីផ្សារសកលលោក ដោយក្នុងនោះ លក់បានរហូតដល់ទៅ ១៤០.០០០តោន ដែលបានកើនឡើង ៥ ដង ធៀបនឹងមួយឆ្នាំមុន ។ បន្ថែមលើនេះ ក្រុមហ៊ុនបានពង្រីក វិសាលភាព ទៅជាអាជីវកម្ម កែច្នៃផ្លាស្ទិក ពេញលេញ តាមរយៈការទិញយកនូវក្រុមហ៊ុន Kras/Recycling Holding Volendam B.V. ដែលជាក្រុមហ៊ុនគ្រប់គ្រងកាកសំណល់ឈានមុខគេរបស់ប្រទេសហូឡង់។ ការទិញ យកក្រុមហ៊ុននេះ នឹងជួយពង្រីកសមត្ថភាពរបស់ក្រុមហ៊ុននៅក្នុងការស្តុកការញែក និងការផលិតជ័រ PCR (Post-Consumer Recycled Resin) សម្រាប់ការប្រើប្រាស់ក្នុងក្រុមគ្រួសារ និងឧស្សាហកម្ម ។ ‘SCGC GREEN POLYMERTM’ ត្រូវបានផ្ដល់វិញ្ញាបនកម្មស្តង់ដារ អន្តរជាតិ ពីបណ្ដាស្ថាប័នឈានមុខគេ មួយចំនួននៅលើពិភពលោក ដូចជា EuCertPlast មកពីអឺរ៉ុបដែលបានបញ្ជាក់ថា ប្រភពវត្ថុធាតុដើម សម្រាប់ផលិតកម្មជ័រ PCR គឺបានមកពីកាកសំណល់ផ្លាស្ទិក ដូច្នេះជួយកាត់បន្ថយបញ្ហាកាកសំណល់ផ្លាស្ទិកនេះ ។ ក្រុមហ៊ុនក៏ទទួលបានវិញ្ញាបនបត្រមកពី Recyclass សម្រាប់ការអភិវឌ្ឍន៍ ជ៍រស្រោប ដែលជួយបង្កើនស័ក្តិសិទ្ធភាព នៃការកែច្នៃឡើងវិញ សម្រាប់ ការ វេចខ្ចប់ផ្លាស្ទិក ដែលធ្វើឲ្យក្រុមហ៊ុន SCGC ជាក្រុមហ៊ុនដំបូងគេនៅអាស៊ាន ដែលទទួលបានវិញ្ញាបនបត្រនេះ។ ព្រមជាមួយគ្នានេះ ការបង្កើតក្រុមហ៊ុន Long Son Petrochemicals Company Limited (LSP) ដែលជារោងចក្រ គីមីឥន្ធនៈនៅក្នុង ប្រទេសវៀតណាមមានវឌ្ឍនភាព បានជាង ៩៨% ហើយ ហើយគ្រោងនឹងឈានចូលទីផ្សារនៅពាក់កណ្ដាលឆ្នាំនេះ” ។

លោក និធិ ផាតថារ៉ាឆូក ប្រធានអាជីវកម្មស៊ីម៉ង់ត៍ និងសម្ភារៈសំណង់របស់អេសស៊ីជីមានប្រសាសន៍ថា៖ “អេសស៊ីជី កំពុងជំរុញអាជីវកម្ម ជីវិតរស់នៅវ័យឆ្លាតជាពិសេស គឺដំណោះស្រាយ សន្សំសំចៃថាមពល ដែលកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ ដោយសារតែ ការកើនឡើងនូវថ្លៃថាមពលអគ្គិសនី។ ក្នុងឆ្នាំ២០២២ អាជីវកម្មនេះ មានការកើនឡើងជាង ៤០% ។ ជាក់ស្ដែង មានដូចជាប្រព័ន្ធ ‘SCG Air Scrubber’ ដែលជាប្រព័ន្ធសន្សំសំចៃថាមពលសកលសម្រាប់អាគារធំៗ សាលសន្និសីទ និងផ្សារទំនើបជាដើម ។ ប្រព័ន្ធមានភាពស័ក្តិសិទ្ធខ្ពស់ ដែលមានសមត្ថភាពសន្សំ សំចៃថាមពលបានរហូតដល់ទៅ ២០-៣០% ។ ប្រព័ន្ធនេះ ត្រូវបានដំឡើងនៅតាម បណ្ដាអគារធំៗចំនួនប្រាំពីរកន្លែង រាប់បញ្ចូលទាំងសាខខាអគារ Terminal 21 Pattaya និង Kloud by Kbank Siam Square ផងដែរ។ ជាលទ្ធផល ដែលគម្រោងនេះទទួលបាននូវភាពវិជ្ជមាន ដូច្នេះគម្រោងអភិវឌ្ឍន៍បន្ថែមទៀត នឹងត្រូវបានអនុវត្តដើម្បីពង្រីក ផលិតផលឲ្យសមស្របទៅនឹងតម្រូវការផ្សេងៗរបស់អតិថិជន។ បន្ថែមលើនេះ ដំបូល ‘SCG Built-in Solar Tile’ ដែលជាផ្ទាំង សូឡា ប្រកបដោយភាពនវានុវត្តន៍ ត្រូវបានណែនាំ សម្រាប់ការរស់នៅបែបទាន់សម័យ ដោយមានការរចនាឲ្យសមស្របជាមួយនឹងផ្ទះល្វែង ដែលមានដំបូល ហើយកាត់បន្ថយការចំណាយថ្លៃអគ្គិសនីបានរហូតដល់ទៅ ៦០%”។

លោក វីចាន់ ជិតភូកឌី (Wichan Jitpukdee) នាយកប្រតិបត្តិ SCG Packaging Public Company Limited ឬ SCGP មានប្រសាសន៍ថា៖ “ក្រុមហ៊ុន SCGP បានរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍នវានុវត្តន៍បន្ថែម ដំណោះស្រាយលើការវេចខ្ចប់ និងបានលើកថវិកាវិនិយោគ និងការចំណាយលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ដែលមានទំហំទឹកប្រាក់សរុប ៨០០ លានបាត សម្រាប់ឆ្នាំ២០២៣ ដោយអភិវឌ្ឍនូវ ‘Nanocellulose Fibres’ ចេញពីកាកសំណល់កសិកម្ម ដែលប្រើជាវត្ថុធាតុដើម នៅក្នុងការផលិតក្រដាសវេចខ្ចប់ និងការ វេចខ្ចប់ចំណីអាហារ ។ ក្រុមហ៊ុនក៏បានត្រៀមល្ខណៈពង្រីក ការងាររបស់ខ្លួនឲ្យបានដល់ឧស្សាហកម្ម សុខាភិបាល និងឧស្សាហកម្មសមាសធាតុ ក៏ដូចជា អភិវឌ្ឍន៍ ជំនាញបណ្ដុះកោសិកា របស់ខ្លួន លើការដាំកសិផល និងដំណាំដែលមានតម្លៃខ្ពស់ ។ បន្ថែមលើនេះ ខ្លួនក៏មានបំណង ធ្វើបរិវត្តកម្ម សារធាតុ សំណល់ពីដំណើរការ ផលិតកម្មឲ្យក្លាយជា ថាមពលកកើតឡើងវិញថែមទៀតផង ។ ក្រុមហ៊ុន កំពុងស្ថិត ក្នុងដំណើរការ នៃការអភិវឌ្ឍបច្ចេកវិទ្យា ‘Torrefaction Technology’ ដើម្បីបង្កើនភាពស័ក្តិសិទ្ធនៃការប្រើប្រាស់ជីវម៉ាស និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលជាការបង្កើនប្រតិបត្តិការ បែប ESG របស់ខ្លួនឲ្យកាន់តែខ្លាំងថែមទៀត”។

លោក រ៉ុងរ៉ូត រង្ស៊ី យ៉ូផាស (Roongroote Rangsiyopash) ជាប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អេសស៊ីជី មានប្រសាសន៍ថា បានបញ្ជាក់ថា “លទ្ធផល ប្រតិបត្តិការ មុនសវនកម្មរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំ ២០២២ គឺទទួលបាន ប្រាក់ចំណូលពីការ លក់ជាទឹកប្រាក់ ៦៦.៤២៣ ពាន់លានរៀល (១៦.២៤៤ លានដុល្លារសហរដ្ឋអាមេរិក) គឺបានកើនឡើង ៧% ធៀបនឹងមួយ ឆ្នាំមុន ដោយសារតែអាជីវកម្មវេចខ្ចប់ និងស៊ីម៉ង់ត៍ -សម្ភារៈសំណង់។ ប្រាក់ចំណេញសម្រាប់ឆ្នាំ២០២២ គឺ ២.៤៨៦ ពាន់លានរៀល (៦១០ លានដុល្លារ) គឺបានធ្លាក់ចុះ ៥៥% បើធៀបនឹងមួយឆ្នាំមុន ដោយសារតែការធ្លាក់ចុះនៃការលក់សារធាតុគីមី ចំណាយលើថាមពលកើនឡើង និងការធ្លាក់ចុះនូវ ចំណែកប្រាក់ចំណូលមកពីក្រុមហ៊ុនបុត្រសម្ព័ន្ធ ។

ប្រាក់ចំណូលពីការ លក់សរុបទទួលបាន ១៣.៨៧១ ពាន់លានរៀល (៣.៣៥៩ លានដុល្លារ) ក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ដែលបានធ្លាក់ចុះ ១៤% បើធៀបនឹងត្រីមាសទីបួនមួយឆ្នាំមុន ដោយសារតែការធ្លាក់ចុះនូវតម្លៃ និងចំនួននៃការលក់ផលិតផលគីមី ពីព្រោះតម្រូវការ ទីផ្សារថមថយ ។ ប្រាក់ចំណេញក្នុងត្រីមាសទី ៤ ឆ្នាំ២០២២ គឺទទួលបាន ១៨ ពាន់លានរៀល (៤ លានដុល្លារ) ដែលបានធ្លាក់ចុះ ៩៤% បើធៀបនឹងត្រីមាស ដូចគ្នាកាលពីឆ្នាំមុន ដោយសារតែការចែកចាយផលិតផលគីមីធ្លាក់ចុះ ក៏ដូចជាការកើនឡើងនូវការចំណាយ លើធ្យូងថ្ម និងថាមពលអគ្គិសនី ។

ប្រាក់ចំណូលរបស់អេសស៊ីជីពី ផលិតផល និងសេវា តម្លៃខ្ពស់ (HVA) នៅក្នុងឆ្នាំ ២០២២ ទទួលបាន ២២.៧៣៥ ពាន់ លានរៀល (៥.៥៧៦ លានដុល្លារ) ឬ ស្មើនឹង ៣៤% នៃប្រាក់ចំណូលសរុបពីការលក់។ បន្ថែមលើនេះ ប្រាក់ចំណូលពីការអភិវឌ្ឍន៍ផលិតផលថ្មីៗ (NPD) គឺស្មើនឹង ១៧% ហើយចំណូលពីដំណោះស្រាយសេវាកម្ម មានទំហំស្មើនឹង ៦% នៃប្រាក់ចំណូលសរុបពីការលក់។ ប្រាក់ចំណូលរបស់អេសស៊ីជីពីប្រតិបត្តិការ ខាងក្រៅប្រទេសថៃ រាប់បញ្ចូលទាំងការនាំចេញពីប្រទេសថៃផង គឺមានទំហំទឹកប្រាក់ ២៩.៩៨៦ ពាន់លានរៀល (៧.៣៥៥ លានដុល្លារ) នៅក្នុងឆ្នាំ២០២២ ដែលស្មើនឹង ៤៥% នៃប្រាក់ចំណូលសរុបពីការលក់ ហើយមានកម្រិត ប្រហាក់ប្រហែលគ្នា នឹង កាលពី មួយឆ្នាំមុននោះដែរ។

អេសស៊ីជី នៅតំបន់អាស៊ីន (លើកលែងប្រទេសថៃ)

សម្រាប់ប្រតិបត្តិការ របស់អេសស៊ីជី ក្នុងតំបន់អាស៊ាន (លើកលែងប្រទេសថៃ) ប្រាក់ចំណូលពីការលក់នៅត្រីមាសទី ៤ ឆ្នាំ២០២២ គឺធ្លាក់ចុះ ១៥% បើធៀបនឹងមួយឆ្នាំមុន ដោយទទួលបានចំណូល ២.៦៨៨ ពាន់លានរៀល (៦៥១ លានដុល្លារ) ដែលស្មើនឹង ១៩% នៃប្រាក់ចំណូលសរុបពីការលក់របស់ក្រុមហ៊ុន អេសស៊ីជី ។ ក្នុងនោះរាប់បញ្ចូលទាំងការលក់ពីប្រតិបត្តិការនៅក្នុងទីផ្សារ ប្រទេសអាស៊ាននីមួយៗផង និងការនាំចូលពីប្រតិបត្តិការរបស់ប្រទេសថៃផង។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ទ្រព្យសកម្មសរុបរបស់អេសស៊ីជី មានទំហំ ១០៧.៩៨០ ពាន់លានរៀល (២៦.២៤១ លានដុល្លារ) ចំណែកឯទ្រព្យសកម្មសរុប របស់អេសស៊ីជី នៅក្នុងតំបន់អាស៊ាន (លើកលែង ប្រទេសថៃ) មានទំហំទឹកប្រាក់ ៤៨.៤០៩ ពាន់លានរៀល (១១.៧៦៤ លានដុល្លារ) ដែលស្មើនឹង ៤៥% នៃទ្រព្យសកម្មសរុបរួមរបស់អេសស៊ីជី។

ក្រុមហ៊ុនក៏បានរាយការណ៍ពីប្រាក់ចំណូលប្រចាំត្រីមាសទី៤ ឆ្នាំ២០២២ ពីការលក់ដែលមានទំហំទឹកប្រាក់ ៣៦២ ពាន់ លានរៀល (៩៨ លានដុល្លារ) ដែលបានធ្លាក់ចុះ ១០% ធៀបនឹងមួយឆ្នាំមុន ដោយសារតែអាជីវកម្ម PVC។

កាលពីពេលថ្មីៗនេះ អេសស៊ីជី ក៏បានប្រារព្វអបអរខួប ៣ ទសវត្សរ៍ នៃការធ្វើអាជីវកម្ម ប្រកបដោយនិរន្តរភាពក្នុងដំណើរអាជីវកម្ម ដ៏ជោគជ័យរបស់ខ្លួនក្នុងប្រទេសកម្ពុជា ហើយបន្តរួមចំណែកលើកកម្ពស់ការរស់នៅសម្រាប់ប្រជាជនកម្ពុជា តាមរយៈការរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។

ក្នុងឆ្នាំ ២០២២ អេសស៊ីជី នៅកម្ពុជា បានប្រគល់អាហារូបករណ៍ដែលមានតម្លៃទឹកប្រាក់សរុប ១០០.០០០ ដុល្លារ ដល់សិស្សវិទ្យាល័យ និងនិស្សិតសកល វិទ្យាល័យចំនួន ២៧០រូប តាមរយៈកម្មវិធី “អេសស៊ីជី ចែករំលែកក្ដីសុបិន” ។ សរុបរយៈពេល ៩ឆ្នាំ ចំនួនសិស្ស និងនិស្សិតអាហារូបករណ៍ពីកម្មវិធី ទំនួលខុសត្រូវសង្គមផ្នែកអប់រំមួយនេះ បានកើនឡើងដល់ជាង ១.៥០០ នាក់ ។ អស់រយៈកាលជិតមួយទសវត្សរ៍ អេសស៊ីជី បានរួមដំណើរ និងជួយប្រឹក្សា លើការសិក្សាដល់សិស្ស និងនិស្សិតទាំងអស់នេះឥតឈប់ឈរ។ កម្មវិធីនេះ បានរួមចំណែកដល់ការកាត់បន្ថយការបោះបង់ចោលការសិក្សានៅថ្នាក់វិទ្យាល័យ ហើយជួយពួកគេរាល់ឆ្នាំសិក្សានីមួយៗ។ ជាងនេះទៅទៀត អេសស៊ីជី បានផ្ដល់ការបណ្ដុះបណ្ដាលលើការងារបេតុង អេសស៊ីជី ដល់និស្សិត សាកលវិទ្យាល័យផ្នែកវិស្វកម្ម និងស្ថាបត្យកម្មចំនួន ២៦៥នាក់ ផងដែរ ។ សកម្មភាពនេះ បានបង្កើតជា សហគមន៍មុខរបរ និងឱកាសការងារសម្រាប់សិស្ស និងនិស្សិត អាហារូបករណ៍ ហើយពង្រឹង បទពិសោធន៍ការងាររបស់ពួកគេជាមួយនឹង អេសស៊ីជីផងដែរ។

ទន្ទឹមនឹងនេះ អេសស៊ីជី កម្ពុជា បានសហការ ជាមួយនឹង ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គាំទ្រជាសម្ភារៈសំណង់ គិតជាទឹកប្រាក់ ៥.០០០ ដុល្លារ សម្រាប់ផ្គត់ផ្គង់ដល់កម្មវិធីប្រកួតជំនាញថ្នាក់ជាតិលើកទី៨ ផងដែរ ។ ក្រុមហ៊ុនក៏បានធ្វើការជាមួយនឹង សហគមន៍ប្រជាពលរដ្ឋនៅខេត្តកំពត ដោយផ្ដល់ស៊ីម៉ង់ត៍ ៣០តោន ដែលមានតម្លៃ ៣.០០០ ដុល្លារ សម្រាប់ការ សាងសង់វត្តអារាម និងសាលារៀន ។

លោក លោក រ៉ុងរ៉ូត រង្ស៊ី យ៉ូផាស (Roongroote Rangsiyopash) បានបន្តថា៖ “ឆ្នាំនេះ អេសស៊ីជី បន្តផ្ដល់អាទិភាពលើការរក្សាស្ថិរភាពហិរញ្ញវត្ថុ និង សន្ទនីយភាព ជាមួយនឹងយុទ្ធសាស្ត្រវិនិយោគប្រកបដោយការប្រុងប្រយ័ត្នដែលរឹតបន្តឹងលើការចំណាយ និងកាត់បន្ថយការ ចំណាយលើថាមពល។ ទន្ទឹមនឹងនេះ អេសស៊ីជី នឹងជំរុញវឌ្ឍនភាពអាជីវកម្ម របស់ខ្លួនដើម្បីបំពេញនូវសេចក្ដីត្រូវការថ្មីៗ វិនិយោគលើ នវានុវត្តន៍ ចាប់យកឱកាស ពេលសេដ្ឋកិច្ចកំពុងងើបឡើងវិញ អភិវឌ្ឍនូវដំណោះស្រាយនានា ដើម្បីគាំទ្រដល់និន្នាការធំៗរបស់សកលលោក និងពង្រឹងអាជីវកម្មរបស់ខ្លួន។ ទីផ្សារ ក្នុងតំបន់បានចាប់ផ្ដើមងើបមកវិញ ហើយត្រូវបានព្យាករណ៍ថា នឹងកើនឡើងបន្ថែមទៀត។ ជាងនេះទៅទៀត អេសស៊ីជី បានត្រៀមលក្ខណៈដើម្បីជួយ ដល់ការពង្រឹង សង្គមផងដែរ។ អេសស៊ីជី បានបង្កើតការងារ សម្រាប់មនុស្ស ចំនួន ៩.០០០ នាក់ ដែលរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ច ក្នុងឆ្នាំ២០២២ ដើម្បីជួយ ឲ្យពួកគេទទួលបាន ប្រាក់ចំណូល និង កាត់បន្ថយ វិសមភាពសង្គម”។

អេសស៊ីជី ប្រកាសលទ្ធផលប្រតិបត្តិការឆ្នាំ២០២២ ព្រមជាមួយយុទ្ធសាស្ត្រ ដើម្បីដោះស្រាយការកើនឡើងនូវតម្លៃថាមពល បញ្ហា គីមីឥន្ធនៈ ជំរុញ អាជីវកម្ម បៃតង ដើម្បីគោរពតាមនិន្នាការធំរបស់សាកលលោក ចាប់យកឱកាសអំឡុងពេលសេដ្ឋកិច្ចងើបឡើងវិញ ហើយធានាបាននូវស្ថិរភាពហិរញ្ញវត្ថុ

Share This Post: