ពិធីសម្ពោធខ្សែភាពយន្តភាគខ្មែរ «ម្ចាស់កីតម្បាញ» ធ្វើឱ្យកក្រើកនៅ ហង្សមាស Palace ក្នុងផ្សារទំនើប AEON សែនសុខ
- BY
- Liny Chan
- February 6, 2023
ពិធីសម្ពោធខ្សែភាពយន្តភាគខ្មែរ រឿង ម្ចាស់កីតម្បាញ បានប្រព្រឹត្តឡើងយ៉ាងអធឹកអធមដោយមានការចូលរួមពីសិល្បៈករ សិល្បការិនីល្បីៗ និងមហាជនរាប់រយនាក់នៅ ហង្សមាស Palace ក្នុងផ្សារទំនើបអ៉ីអនសែនសុខស៊ីធី។

នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យ និងល្អបំផុតសម្រាប់ការបើកបង្ហាញភាពយន្តភាគខ្មែរដែលមានគុណភាព ទៅកាន់មហាជនទាំងក្នុង និងក្រៅប្រទេស ជាពិសេសជារឿងដែលបង្ហាញពីក្នុងសម័យកាលប្រវត្តិសាស្រ្តខ្មែរ គឺក្នុងសម័យលង្វែកទៀតផង។

ងាកក្រឡេកមើលភ្ញៀវកិត្តិយសដែលបានចូលរួមឃើញថា ពិតជាអស្ចារ្យ គឺមានវត្តមានសុទ្ធតែតារាល្បីៗក្នុងប្រទេសកម្ពុជាតែម្តង ហើយការរៀបចំទៀតសោទ គឺពិតជាប្លែកភ្នែកនិងទាក់ចំណាប់អារម្មណ៍មែនទែន ដែលមានការដាក់តាំងបង្ហាញនូវឧបករណ៍កីតម្បាញ ឧបករណ៍និងវិធីសាស្រ្តក្នុងការផលិតសូត្រជាដើម។

ក្រៅពីតារាសម្តែងក្នុងរឿង និងវត្តមានសិល្បៈល្បីជាច្រើនរូបហើយនោះ ក្នុងកម្មវិធីក៏មានការសម្តែងពិសេសពីតារាចម្រៀងដ៏ល្បីកញ្ញា ឈីន រតនៈ ផងដែរ ដែលបានបកស្រាយផ្ទាល់នូវបទចម្រៀងប្រកបក្នុងរឿង ម្ចាស់កីតម្បាញ នេះផ្ទាល់តែម្តង។

គួរបញ្ជាក់ផងដែរថា ទូរទស្សន៍ហង្សមាស ដែលជាស្ថានីយទូរទស្សន៍ដ៏ធំជាងគេក្នុងស្រុក បានផលិតរឿងភាគខ្មែរដ៏មានគុណភាពជាច្រើនប្រភេទរឿង និងមានប្រភេទសម័យកាលជាច្រើនខុសគ្នាមកហើយ ហើយសម្រាប់រឿង ម្ចាស់កីតម្បាញ គឺជាប្រភេទរឿងដែលចង់បង្ហាញពីសម័យលង្វែកថា នាសម័យនោះមនុស្សរស់នៅដោយគន្លងបែបណា ជាមួយនិងការដាក់បញ្ចូលនៅឧបករណ៍បុរាណដែលជារបស់ខ្មែរពិតៗគឺ កីតម្បាញ។
រង់ចាំទស្សនាទាំងអស់គ្នាដែលរឿង ម្ចាស់កីតម្បាញ មានចាក់បញ្ចាំងជូនទស្សនាចាប់ពីថ្ងៃនេះតទៅ រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 8-9យប់ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ៕






- Share This Post:






