អន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ បានបណ្តាលអោយពលរដ្ឋតួគីនិងស៊ីរី​ប្រមាណជា ៣,៧០០នាក់បាត់បង់ជីវិត ខណៈរាប់ម៉ឺននាក់ផ្សេងទៀតកំពុងរងរបួស

BY
Pheakdey
February 7, 2023

គ្រោះរញ្ជួយដីកម្រិតដ៏ខ្ពស់មួយបានវាយប្រហារតាមបណ្តោយព្រំដែននៃប្រទេសតួគី​និងតំបន់ភាគខាងជើងនៃប្រទេសស៊ីរីកាលពីល្ងាចថ្ងៃចន្ទ ទី៦ ខែកុម្ភៈម្សិលមិញនេះបណ្តាលឲ្យមានពលរដ្ឋប្រមាណជា ៣,៧០០នាក់ត្រូវស្លាប់បាត់បង់ជីវិត។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា គ្រោះរញ្ជួយដីនោះបានកើតមាននៅក្នុងកម្រិតរហូតដល់ ៧,៨ រ៉ិចទ័រឯណោះ ដែលជាកម្រិតដ៏ខ្ពស់បំផុតមិនធ្លាប់កើតមាននៅក្នុងទីតាំងកើតខាងលើនេះទេ។

ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗហើយ ក៏មានពលរដ្ឋរាប់ម៉ឺននាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ថា បានរងរបួសធ្ងន់ធ្ងរនិងរបួសស្រាលផងដែរ។ ផ្លូវសំខាន់ៗជាច្រើននៅក្នុងប្រទេសតួគីត្រូវបានកាត់ផ្តាច់ទាំងស្រុង ខណៈនៅក្នុងប្រទេសស៊ីរីវិញគឺមានពលរដ្ឋរាប់លាននាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនដើម្បីទៅរកកន្លែងស្នាក់នៅដោយសុវត្ថិភាពជាបណ្តោះអាសន្នសិន។ ប្រភពខាងលើបានបន្តថានៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមានពលរដ្ឋស៊ីរីប្រមាណជា ១,៤៤៤នាក់ និងនៅក្នុងចំណោមអ្នករងរបួសវិញគឺមានពលរដ្ឋស៊ីរីប្រមាណជា ៣,៥០០នាក់ ខណៈពលរដ្ឋតួគីដែលបានរងរបួសវិញគឺមានចំនួនប្រមាណជា ១៣,០០០នាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: