ក្រសួងអប់រំថៃជំរុញឲ្យមានការស៊ើបអង្កេតជាបន្ទាន់មួយក្រោយក្រុមកូនសិស្សបានដាក់ញត្តិទៅកាន់តុលាការរដ្ឋបាលជុំវិញករណីគ្រូនិងនាយកសាលាកាត់សក់របស់ពួកគេ
- BY
- Pheakdey
- February 9, 2023
ថៃ៖ រដ្ឋមន្ត្រីក្រសួងអប់រំថៃលោក Trinuch Thienthong បានណែនាំឲ្យភ្នាក់ងាររដ្ឋជាច្រើនផ្នែកត្រូវបើកការស៊ើបជាបន្ទាន់មួយជុំវិញករណីមានគ្រូបង្រៀននិងនាយកសាលាមួយកន្លែងសម្រេចកាត់សក់កូនសិស្សជាច្រើននាក់ដើម្បីធ្វើជាការដាក់ទណ្ឌកម្មចំពោះពួកគេ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈនេះបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងសាលារៀនមួយកន្លែងស្ថិតនៅក្នុងខេត្ត Phetchabun ភាគខាងត្បូងប្រទេសថៃកាលពីថ្ងៃអង្គារកន្លងទៅនេះ។

ប្រភពខាងលើបានបន្តថា នៅក្នុងថ្ងៃកើតហេតុនោះគឺមានកូនសិស្សប្រមាណជា ១០០នាក់ ដែលត្រូវបានគ្រូបង្រៀននិងនាយកសាលាយកកន្ត្រៃទៅកាត់សក់របស់ពួកគេឲ្យខូចអស់ក្នុងអំឡុងពេលដែលពួកគេកំពុងឈរគោរពទង់ជាតិ។ ក្រោយមានរឿងនេះកើតឡើង ក្រុមកូនសិស្សបាននាំគ្នាបង្ហោះសាររិះគន់ចំពោះសកម្មភាពរបស់គ្រូបង្រៀននិងនាយកសាលាយ៉ាងខ្លាំងនៅតាមបណ្តាញសង្គម ហើយពួកគេក៏បានដាក់ញត្តិទៅកាន់តុលាការរដ្ឋបាលផងដែរ ដើម្បីទាមទារឲ្យលុបចោលនូវបទប្បញ្ញតិទាំងឡាយណាដែលអនុញ្ញាតឲ្យគ្រូបង្រៀនមានសិទ្ធកាត់សក់កូនសិស្សបាន។ ជុំវិញករណីនេះក្រសួងអប់រំថៃបានបញ្ជាក់ថា ខាងក្រសួងបានសម្រេចកំណត់យកម៉ូតសក់សម្រាប់សិស្សប្រុស និងសិស្សស្រីរួចហើយកាលពីឆ្នាំ២០២០ កន្លងទៅ ហើយចំពោះករណីខាងលើនេះក្រសួងអប់រំកំពុងជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវធ្វើការស៊ើបអង្កេតឡើងវិញជាបន្ទាន់ ដើម្បីស្វែងរកដំណោះស្រាយដ៏សមរម្យមួយចំពោះក្រុមកូនសិស្ស និងដើម្បីបិទបញ្ចប់មតិរិះគន់ដែលកំពុងផ្ទុះយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមទូទាំងប្រទេសថៃ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






