UN ៖ តួលេខអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅតួគីនិងស៊ីរីអាចកើនដល់ខ្ទង់ ៥០,០០០នាក់
- BY
- Pheakdey
- February 12, 2023
ចំនួនអ្នកស្លាប់ដោយសាគ្រោះរញ្ជួយដីនៅក្នុងប្រទេសតួគីនិងប្រទេសស៊ីរីអាចនឹងកើតឡើងទ្វេរដងពីតួលេខផ្លូវការនាពេលបច្ចុប្បន្ន នេះបើយោងតាមការព្យាករណ៍របស់លោក Martin Griffiths ដែលជាប្រធានផ្នែកជួយសង្គ្រោះនៃអង្គការសហប្រជាជាតិ។ តួលេខចុងក្រោយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈនេះគឺអ្នកស្លាប់សរុបមានចំនួន ២៨,១៩១នាក់។

យ៉ាងណាក្តី ចំនួនអ្នកកំពុងបាត់ខ្លួននៅមានច្រើននៅឡើយ ខណៈអ្នករងរបួសធ្ងន់ធ្ងរមួយចំនួនក៏បានស្លាប់ជាបន្តបន្ទាប់គ្នាផងដែរ ហើយដោយយោងទៅតាមស្ថានភាពជាក់ស្តែងបែបនេះលោក Martin Griffiths បានធ្វើការប៉ាន់ស្មានថា ចំនួនអ្នកស្លាប់សរុបអាចកើនឡើងលើសពី ៥០,០០០នាក់នៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ អ្នកជំនាញរបស់អង្គការសហប្រជាជាតិរូបនេះបានបន្តថា គិតត្រឹមពេលនេះគឺមានពលរដ្ឋប្រមាណជា ៨៧០,០០០នាក់កំពុងតែបាត់បង់ផ្ទះសម្បែងទាំងស្រុងតែម្តង ខណៈពលរដ្ឋដែលបានរងផលប៉ះពាល់ដោយប្រយោលវិញគឺមានរាប់លាននាក់ឯណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






