អាមេរិក បា.ញ់ទម្លាក់វត្ថុដ៏អាថ៌កំបាំងម្យ៉ាងដែលបានហោះកាត់ទឹកដីកាណាដា
- BY
- Pheakdey
- February 12, 2023
កាណាដា៖ យន្តហោះចម្បាំងអាមេរិកបានសម្រេចបា.ញ់ទម្លាក់វត្ថុដ៏អាថ៌កំបាំងមួយដែលបានហោះនៅលើទឹកដីនៃប្រទេសកាណាដា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈនេះ។ គួរកត់សម្គាល់ថា កាលពីសប្តាហ៍មុនអាមេរិកធ្លាប់បានបា.ញ់ ទម្លាក់បាឡុងរបស់ចិនមួយរួចហើយ ដោយអាមេរិកបានចោទប្រកាន់ថា បាឡុងនោះគឺជាចារម្មរបស់រដ្ឋាភិបាលចិន។

យ៉ាងណាក្តី វត្ថុដែលអាមេរិកទើបបា.ញ់នៅក្នុងថ្ងៃអាទិត្យនេះ គឺមិនត្រូវបានគេស្គាល់ថា មានប្រភពមកពីណានិងហោះហើរក្នុងគោលបំណងអ្វីឲ្យប្រាកដនោះទេ។ បើតាមលោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បាននិយាយថា សកម្មភាពខាងលើនេះគឺជាការឈ្លានពានដែនអាកាសរបស់ប្រទេសកាណាដាដោយចេតនា ពោលគឺវាមិនមែនជារឿងចៃដន្យឡើយ។ លោកនាយករដ្ឋមន្ត្រីរូបនេះបានបន្តថា កាណាដានិងអាមេរិក នឹងរួមគ្នាស្វែងរកអ្នកទទួលខុសត្រូវចំពោះវត្ថុអាថ៌កំបាំងខាងលើនេះឲ្យទាល់តែឃើញ ហើយកាណាដានឹងធ្វើការឆ្លើយតបវិញយ៉ាងចាស់ដៃផងដែរ ចំពោះសកម្មភាពដ៏គឃ្លើននេះ៕

លោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






