អន្តរជាតិ

មិនធម្មតា! ស្រ្តីម្នាក់ ប្រកបរបរជាអ្នកបណ្តើរសត្វឆ្កែដើរលេងអាចរកប្រាក់ចំណូលបានជាង ១០ម៉ឺនដុល្លារក្នុងមួយឆ្នាំ

BY
Pheakdey
February 12, 2023

អាមេរិក៖ មនុស្សជាច្រើនប្រហែលជាគិតថា ការងារជាអ្នកបណ្តើរសត្វឆ្កែឲ្យគេគឺគ្រាន់តែជាការងារធម្មតាមួយដែលអាចរកបានប្រាក់ចំណូលតិចតួច និងមិនមែនជាប្រភេទការងារដែលមានស្ថេរភាពខ្ពស់ដូចការងារនៅតាមបណ្តាក្រុមហ៊ុនធំៗឡើយ។ យ៉ាងណាក្តី បើយោងទៅតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈនេះបានឲ្យដឹង​ថា មានស្រ្តីជាអ្នកបណ្តើរឆ្កែអាជីពម្នាក់អាចរកប្រាក់ចំណូលបានជាង ១០ម៉ឺនដុល្លារនៅក្នុង ១ឆ្នាំ។

អ្នកស្រីដែលជាអ្នកជំនាញផ្នែកបណ្តើរសត្វឆ្កែរូបនេះមានឈ្មោះថា Bethany Lane អាយុ ៣៥ឆ្នាំ ជាស្ថាបនិកនៃសេវាកម្មបណ្តើរឆ្កែមានឈ្មោះថា Whistle & Wag ដែលត្រូវបានបង្កើតឡើងជិត១០ឆ្នាំមកហើយ។ បច្ចុប្បន្នអ្នកនាង Bethany Lane កំពុងរស់នៅនិងប្រកបការងារជាអ្នកបណ្តើរឆ្កែនៅក្នុងតំបន់ Manhattan ទីក្រុង New York សហរដ្ឋអាមេរិក។ អ្នកនាង Bethany Lane បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Rutgers University តែក្រោយពេលរៀនចប់ភ្លាមអ្នក​ស្រីមិនបានធ្វើការងារឲ្យក្រុមហ៊ុនណាឡើយ ក្រៅតែពីបង្កើតអាជីវកម្មខាងលើនេះដោយខ្លួនឯង។ អ្នកស្រី Bethany Lane មានអតិថិជនជាច្រើននាក់​ ត្បិតរូបគាត់មានជំនាញខ្ពស់ក្នុងការមើលថែសត្វឆ្កែគ្រប់ប្រភេទ ខណៈតម្លៃនៃការមើលថែនិងបណ្តើរសត្វឆ្កែដើរតាមមាត់ទន្លេឬតាមសួនវិញ គឺលោកស្រីអាចគិតថ្លៃរហូតដល់ ៣៥ដុល្លារសម្រាប់ការបណ្តើរឆ្កែមួយក្បាល ហើយក្នុងការដើរបណ្តើរឆ្កែម្តង គឺគាត់អាចបណ្តើរបានលើសពីមួយក្បាល និងក្នុងមួយថ្ងៃគាត់អាចធ្វើការងារចន្លោះពី ១០ ទៅ ១២ម៉ោង ខណៈបើទូទាត់ប្រាក់ចំណូលប្រចាំឆ្នាំវិញ គឺគាត់អាចរកបានដល់ខ្ទង់ជាង ១០ម៉ឺនដុល្លារឯណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: