តួលេខអ្នកបាត់បង់ជីវិតនៅតួកគី និងស៊ីរីបន្តកើនឡើងជាង ៤១,០០០នាក់ ខណៈ ២៦លាននាក់កំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់
- BY
- Pheakdey
- February 15, 2023
តួលេខអ្នកស្លាប់នៅក្នុងហេតុការណ៍រញ្ជួយដីនៅក្នុងប្រទេសតួកគី និងប្រទេស៊ីរីបានបន្តកើនឡើងជាង ៤១,០០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៥ ខែកុម្ភៈនេះ។ តួលេខនៃចំនួនអ្នកស្លាប់ខាងលើនេះអាចនឹងបន្តកើនឡើងបន្ថែមទៀត ត្បិតគិតត្រឹមពេលនេះគេនៅមិនទាន់បិទបញ្ចប់ប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅឡើយទេ ខណៈជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យមួយចំនួនក៏អាចប្រឈមនឹងការស្លាប់ផងដែរ ព្រោះតែរបួសរបស់ពួកគេធ្ងន់ធ្ងរខ្លាំងពេក។

ប្រភពខាងលើបានបន្តថា ចំនួនអ្នកស្លាប់ថ្មី គឺត្រូវបានរកឃើញជារៀងរាល់ម៉ោងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈជនរងគ្រោះមួយចំនួននៅតែមានសំណាងនៅរស់រានមានជីវិត បើទោះជាបានជាប់នៅក្រោមគំនរបាក់បែកអស់រយៈជាច្រើនថ្ងៃមកហើយក៏ដោយ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់និងអ្នករងរបួសហើយ គឺគិតត្រឹមពេលនេះនៅមានពលរដ្ឋនៃប្រទេសតួកគី និងប្រទេសស៊ីរីប្រមាណជា ២៦លាននាក់ផ្សេងទៀតកំពុងតែត្រូវការជំនួយផ្នែកមនុស្សធម៌ជាបន្ទាន់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






