អន្តរជាតិ

វិបត្តិខ្ទឹមក្រហមកំពុងជម្រុញឲ្យមានបញ្ហាអតិផរណាចំណីអាហារយ៉ាងខ្ពស់នៅហ្វីលីពីន

BY
Pheakdey
February 15, 2023

ហ្វីលីពីន៖ វិបត្តិខ្ទឹមក្រហមនៅក្នុងប្រទេសហ្វីលីពីនកំពុងជះឥទ្ធិពលអាក្រក់ទៅលើវិស័យមួយចំនួននៅក្នុងសង្គម និងជាពិសេសនោះគឺវិស័យម្ហូបអាហារតែម្តង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait  Time នៅព្រឹកថ្ងៃពុធ ទី១៥ ខែកុម្ភៈនេះបានឲ្យដឹងថា នៅតាមបណ្តាភោជនីយដ្ឋានធំៗក្នុងប្រទេសហ្វីលីពីនកំពុងប្រឈមនឹងបញ្ហារួមមួយ គឺអតិផរណាទៅលើតម្លៃនៃអាហារ ដែលកត្តានេះកំពុងទាញទម្លាក់ចំនួនអតិថិជនរបស់ពួកគេយ៉ាងច្រើនផងដែរ។

គួរកត់សម្គាល់ថា ខ្ទឹមក្រហមគឺជាគ្រឿងផ្សំដ៏សំខាន់មួយក្នុងការចម្អិនម្ហូបអាហារជាច្រើនប្រភេទ ដែលពលរដ្ឋហ្វីលីពីននិយមទទួលជាប្រចាំថ្ងៃ។ នាពេលកន្លងមកប្រទេសហ្វីលីពីនបាននាំចូលខ្ទឹមក្រហមពីក្រៅប្រទេសក្នុងបរិមាណយ៉ាងច្រើនដើម្បីបំពេញតម្រូវការក្នុងស្រុក តែក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះដំណើរការនៃការនាំខ្ទឹមក្រហមចូលមានបញ្ហារអាក់រអួលយ៉ាងខ្លាំង ខណៈដែលបរិមាណនៃខ្ទឹមក្រហមដែលហ្វីលីពីនអាចធ្វើការនាំចូលបានវិញនោះក៏ត្រូវធ្លាក់ចុះអស់ជាច្រើនផងដែរ។ បញ្ហាចម្បងខាងលើនេះបានជម្រុញឲ្យតម្លៃខ្ទឹមក្រហមកើនឡើងយ៉ាងខ្ពស់ ដោយនាពេលកន្លងមកជាមធ្យមគឺខ្ទឹមក្រហមមានតម្លៃត្រឹមតែ ៧០ ប៉េសូ (១,២៧ ដុល្លារអាមេរិក) ប៉ុណ្ណោះក្នុងមួយគីឡូក្រាម តែនាពេលបច្ចុប្បន្ននេះតម្លៃរបស់ខ្ទឹមក្រហមបានកើនដល់ ៧០០ ប៉េសូឯណោះ ពោលគឺកើនឡើងរហូតដល់ ១០ដង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait  Time

Share This Post: