ពីរសប្តាហ៍ក្រោយរញ្ជួយដីនៅតួកគីនិងស៊ីរី តួលេខអ្នកបាត់បង់ជីវិតបានកើនឡើងជាង ៤៦,០០០នាក់ ខណៈជាច្រើននាក់ផ្សេងទៀតនៅបន្តបាត់ខ្លួន
- BY
- Pheakdey
- February 19, 2023
យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈនេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍រញ្ជួយដីនៅក្នុងប្រទេសតួកគី និងប្រទេសស៊ីរីបានកើនឡើងរហូតដល់ជាង ៤៦,០០០នាក់ហើយ ខណៈក្រុមអ្នកស្វែងរកជនរងគ្រោះហាក់លែងសូវនឿយហត់ខ្លាំងដូចកាលពីសប្តាហ៍មុនពេកហើយ ត្បិតគំនរបាក់បែងត្រូវបានរលាយបាត់បន្តិចម្តងៗពីមួយថ្ងៃទៅមួយថ្ងៃ។

យ៉ាងណាក្តី អ្នកបាត់ខ្លួននៅតែមានចំនួនច្រើននាក់នៅឡើយ ហើយគេបានរំពឹងថា នឹងបន្តរកឃើញអ្នកស្លាប់ជាច្រើននាក់បន្ថែមទៀតផងដែរ។ ប្រភពខាងលើបានបន្តថា បន្ថែមពីលើបញ្ហាដ៏ធ្ងន់ធ្ងរខាងលើនេះ នៅក្នុងប្រទេសតួកគី និងស៊ីរីដែលសម្បូរទៅដោយពលរដ្ឋកាន់សាសនាឥស្លាមនោះ គឺកំពុងកើតមានបញ្ហាដ៏រសើបមួយទៀត គឺការមិនអាចធ្វើបុណ្យសពទៅតាមទំនៀមទម្លាប់បាន ត្បិតនៅក្នុងជំនឿរបស់ពលរដ្ឋឥស្លាម គឺគេជឿថា ត្រូវតែរៀបចំពិធីបុណ្យសពឲ្យបានឆាប់រហ័សក្រោយពេលមានមនុស្សស្លាប់ភ្លាមៗ។
ក៏ប៉ុន្តែនៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ គឺគេមិនអាចរៀបចំបុណ្យសពឲ្យអ្នកបាត់ខ្លួនបាននោះទេ ព្រោះគេនៅមិនទាន់ដឹងច្បាស់ថា ជនរងគ្រោះពិតជាបានស្លាប់ប្រាកដមែនឬអត់ តែក្នុងករណីដែលគេបានរកឃើញជនរងគ្រោះពិតជាស្លាប់មែននោះ គឺវាអាចនឹងយឺតពេលក្នុងការរៀបចំពិធីបុណ្យសពទៅហើយ។ គួររម្លឹកជូនថា ហេតុការណ៍រញ្ជួយដីដ៏ធ្ងន់ធ្ងរខាងលើនេះបានកើតឡើងតាំងពីថ្ងៃទី ៦ ខែកុម្ភៈម្ល៉េះ ខណៈគិតត្រឹមពេលនេះប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅមិនទាន់បិទបញ្ចប់នៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






