អន្តរជាតិ

ចាស់ៗកុំច្រណែន! ក្មេងប្រុសអាយុ ៨ឆ្នាំម្នាក់ជូនកាដូខ្សែកតម្លៃ ៣ពាន់ដុល្លារទៅកាន់មិត្តស្រីកាលពីថ្ងៃ​ Valentine’s Day 

BY
Pheakdey
February 20, 2023

ចិន៖ ថ្ងៃ Valentine’s Day បានបិទបញ្ចប់ទៅហើយ តែរឿងរ៉ាវមួយចំនួនដែលបានកើតឡើងនៅក្នុងថ្ងៃដ៏ពិសេសមួយនេះនៅមិនទាន់បិទបញ្ចប់ទាំងស្រុងនៅឡើយទេ។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា ថ្មីៗនេះមានករណីដ៏កម្រមួយបានកំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គមនៅក្នុងប្រទេសចិន ក្រោយមានក្មេងប្រុសអាយុត្រឹមតែ ៨ឆ្នាំម្នាក់បានជូនកាដូខ្សែកពេជ្រតម្លៃ ២០,០០០យន់ (ជិត ៣,០០០ដុល្លារ) ទៅកាន់ក្មេងស្រីម្នាក់ដែលជាមិត្តរួមថ្នាក់ជាមួយគ្នាកាលពីថ្ងៃ Valentine’s Day ក​ន្លងទៅនេះ។

ប្រភពខាងលើបានបន្តថា ហេតុការណ៍ខាងលើនេះបានកើតឡើងនៅក្នុងទីក្រុង Yiyang ខេត្ត Hunan ភាគខាងជើងប្រទេសចិ​ន ខណៈអត្តសញ្ញាណរបស់ក្មេងតូចទាំង ២នាក់នេះមិនត្រូវបានគេបង្ហាញនោះទេ។ ភ្លាមៗក្រោយព័ត៌មានខាងលើនេះត្រូវបានបែកធ្លាយនៅតាមបណ្តាញសង្គមវាបានធ្វើឲ្យមនុស្សជាច្រើនមានចម្ងល់ថា តើក្មេងប្រុសនោះបានលុយមកពីណាដើម្បីទៅទិញខ្សែកដ៏ថ្លៃដូចនេះ ខណៈអ្នកខ្លះវិញមិនបានគិតដល់ចំណុចនៃការរកលុយនេះទេ ហើយក៏បានបង្ហាញអារម្មណ៍ថា​ ស្នេហារបស់កូនក្មេងមួយគូនេះមានន័យជ្រៅជាងស្នេហារបស់ពួគគាត់ដែលជាមនុស្សពេញវ័យទៅទៀត។

យ៉ាងណាក្តី​ ក្រោយរឿងរ៉ាវខាងលើនេះបានបែកធ្លាយនិងមានការជជែកវែកញែកគ្នាយ៉ាងច្រើននោះ ព័ត៌មានពិតមួយក៏ត្រូវបានចុះផ្សាយដោយបញ្ជាក់ថា ការពិតក្មេងប្រុសខាងលើនេះបានយកខ្សែកម្តាយរបស់គេផ្ទាល់ដើម្បីធ្វើជាកាដូជូនមិត្តស្រីឲ្យដូចអ្វីដែលគេបានឃើញក្រុមមនុស្សពេញធ្វើអីចឹងដែរ ខណៈម្តាយរបស់គេមិនបានដឹងរឿងនេះទេ។ ក្រោយមកម្តាយរបស់ក្មេងប្រុសក៏បានទាក់ទងទៅខាងសាលារៀន និងក្រុមគ្រួសាររបស់ក្មេងស្រី ហើយក៏បានសុំយកខ្សែកនោះត្រលប់មកវិញផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ World of Buzz

 

Share This Post: