អន្តរជាតិ

TikTok សម្រេចធ្វើការហាមឃាត់មិនឲ្យអ្នកនយោបាយថៃប្រើប្រាស់បណ្តាញសង្គមមួយនេះធ្វើការឃោសនានិងផ្សព្វផ្សាយអំពីបញ្ហានយោបាយនោះទេ

BY
Pheakdey
February 22, 2023

ថៃ៖ ក្រុមហ៊ុនបណ្តាញសង្គម​ TikTok បានសម្រេចធ្វើការហាមឃាត់មិនឲ្យអ្នកនយោបាយថៃប្រើប្រាស់បណ្តាញសង្គមមួយនេះសម្រាប់ធ្វើការឃោសនានិងផ្សព្វផ្សាយអំពីបញ្ហានយោបាយនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand ដែលបានចុះផ្សាយនៅព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈនេះ។ សេចក្តីបញ្ជាក់ខាងលើនេះត្រូវបានធ្វើឡើងដោយលោកស្រី Chanida Klyphun ដែលជាប្រធានផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន TikTok ប្រចាំនៅក្នុងប្រទេសថៃតាមរយៈការធ្វើសន្និសិទ្ធផ្លូវការមួយនៅក្នុងទីក្រុងបាងកក។

បើតាមលោកស្រី Chanida Klyphun បានបញ្ជាក់ថា ការសម្រេចធ្វើការហាមឃាត់នេះត្រូវបានធ្វើឡើងក្រោមហេតុផលថា TikTok គឺជាបណ្តាញសង្គមសម្រាប់ប្រើប្រាស់ក្នុងគោលបំណងកំសាន្តសប្បាយរបស់ពលរដ្ឋគ្រប់រូប ហើយវាមិនមែនជាកន្លែងសម្រាប់ផ្សព្វផ្សាយព័ត៌មានដែលអាចធ្វើឲ្យពលរដ្ឋមានការខ្វែងគំនិតគ្នានិងរើសអើងគ្នាដោយនិន្នាការនយោបាយនោះទេ ត្បិតវាអាចបង្កទៅជម្លោះនិងអំពើហិង្សាធ្ងន់ធ្ងរបាន។ យ៉ាងណាក្តី សម្រាប់ពលរដ្ឋទូទៅដែលជាក្រុមអ្នកគាំទ្របក្សនយោបាយណាមួយនៅក្នុងប្រទេសថៃនៅតែអាចបន្តប្រើប្រាស់គណនី TikTok ដើម្បី​បង្ហាញទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេបាន៕

អត្ថបទ៖ ភក្តី

ប្រភព៖ Nation Thailand

 

Share This Post: