អន្តរជាតិ

ស្រ្តីម្នាក់ផ្ញើបាច់ផ្កាអមដោយប្រាក់ជាង ១ពាន់ដុល្លារទៅ Surprise មិត្តប្រុស តែត្រូវអ្នកដឹកជញ្ជូនស៊ីដាច់និងរត់គេចខ្លួនបាត់

BY
Pheakdey
February 23, 2023

ថៃ៖ ការបញ្ជាទិញអីវ៉ាន់តាមប្រព័ន្ធ Online បានក្លាយជាជម្រើសដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ននេះ ត្បិតវាបានផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងសម្រាប់អ្នកទិញ និងអាចជួយសន្សំសំចៃពេលវេលាបានច្រើនផងដែរ។ អ្វីដែលជាចំណុចពិសេសមួយនេះទៀតនោះ គឺគេអាចផ្ញើអីវ៉ាន់ដែលបានបញ្ជាទិញរួចហើយនោះទៅកាន់អ្នកណាម្នាក់ផ្សេងទៀតក៏បាន ដោយគ្រាន់តែចំណាយប្រាក់លើសេវាកម្មដឹកបញ្ជូនបន្តិចបន្តួចតែប៉ុណ្ណោះ។ យ៉ាងណាក្តី ពេលខ្លះភាពងាយស្រួលខាងលើនេះ ក៏អាចធ្វើឲ្យម្ចាស់ទំនិញមួយចំនួនក្លាយជាជនរងគ្រោះផងដែរ។

ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈនេះបានឲ្យដឹងថា មានអ្នកដឹកបញ្ជូនម្នាក់នៅក្នុងប្រទេសថៃបានស៊ីដាច់ទំនិញរបស់ភ្ញៀវដែលមានតម្លៃជាង ២ពាន់ដុល្លារ និងបានរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។ ប្រភពខាងបានបន្តថា ជនរងគ្រោះនៅក្នុងករណីខាងលើនេះ គឺអ្នកនាង Sunitra Boonyaem ដែលបានទិញបាច់ផ្កាអមដោយក្រដាសប្រាក់ចំនួន ៥៣,០០០បាត (ប្រមាណជា ១៥០០ដុល្លារ) សម្រាប់ផ្ញើទៅកាន់មិត្តប្រុសរបស់គាត់ ដើម្បីអបអរនៅក្នុងថ្ងៃបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ។

អ្នកនាង Sunitra Boonyaem មិនបានប្រាប់មិត្តប្រុសរបស់គាត់ឲ្យបានដឹងរឿងនេះមុនទេ ព្រោះដើម្បីទុកឲ្យមិត្តប្រុសរបស់គាត់មានអារម្មណ៍ភ្ញាក់ផ្អើលពេលបានឃើញបាច់ផ្កា។ យ៉ាងណាក្តី បាច់ផ្កានោះមិនបានទៅដល់ដៃមិត្តប្រុសរបស់ស្រ្តីរងគ្រោះឡើយ តែវាត្រូវបានអ្នកដឹកជញ្ជូនលួចយកទៅបាត់តែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖ Strait Time

Share This Post: