អណ្តូងរ៉ែដ៏ធំមួយនៅចិនបានដួលរលំ បានបណ្តាលឲ្យមនុស្ស ៤នាក់បាត់បង់ជីវិត ខណៈ ៤៩នាក់កំពុងបាត់ខ្លួន
- BY
- Pheakdey
- February 23, 2023
ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ដួលរលំអណ្តូងរ៉ែដ៏ធំមួយនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈនេះ។ អណ្តូងរ៉ែមួយកន្លែងនេះគឺជាប្រភេទអណ្តូងរ៉ែធ្យូងថ្ម ជាកម្មសិទ្ធរបស់ក្រុមហ៊ុន Xinjing Coal Mining មានទីតាំងស្ថិតនៅក្នុងតំបន់ Inner Mongolia ភាគខាងជើងប្រទេសចិន។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ គឺគិតត្រឹមពេលនេះមានមនុស្សចំនួន ៦នាក់ត្រូវបានរាយការណ៍ថា បានរងរបួសធ្ងន់ ខណៈ ៤៩នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន។ គួរបញ្ជាក់ជូនថា ហេតុការណ៍ដួលរលំអណ្តូងរ៉ែខាងលើនេះបានកើតឡើងតាំងពីល្ងាចថ្ងៃពុធ មកម្ល៉េះ ហើយអាជ្ញាធរចិនបានប្រើប្រាស់ក្រុមអ្នកជួយសង្គ្រោះចំនួន ៣០០នាក់ រថយន្តសង្គ្រោះបន្ទាន់ចំនួន ១៥គ្រឿង និងគ្រូពេទ្យចំនួន ៤៥នាក់ ដើម្បីធ្វើអន្តរាគមន៍ជួយជនរងគ្រោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






