តៃវ៉ាន់អះអាងថា ចិនកំពុងរៀនពីរបៀបដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែនដើម្បីទុកអនុវត្តមកលើកោះតៃវ៉ាន់
- BY
- Pheakdey
- February 24, 2023
តៃវ៉ាន់៖ តៃវ៉ាន់បានអះអាងថា យោធាចិនកំពុងរៀនពីរបៀបដែលប្រទេសរុស្ស៊ីបានធ្វើការឈ្លានពានទៅលើប្រទេសអ៊ុយក្រែនដើម្បីយកមេរៀនទាំងនោះទុកសម្រាប់អនុវត្តមកលើកោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃ សុក្រ ទី២៤ ខែកុម្ភៈនេះ។ ការអះអាងដូចនេះត្រូវបានធ្វើឡើងដោយលោក Chiu Kuo-cheng រដ្ឋមន្ត្រីក្រសួងការពារជាតិកោះតៃវ៉ាន់ក្នុងឱកាសដែលរូបលោកកំពុងធ្វើសន្និសិទ្ធសារព័ត៌មានផ្លូវការមួយក្នុងទីក្រុងតៃប៉ិ។

យ៉ាងណាក្តី រដ្ឋមន្ត្រីការពារជាតិរូបនេះបានបញ្ជាក់ថា ការឈ្លានពានមកកាន់កោះតៃវ៉ាន់នឹងមិនមែនជារឿងងាយស្រួលឡើយ ដ្បិតនៅជុំវិញកោះតៃវ៉ាន់មានច្រកសមុទ្រជាច្រើន ដែលសុទ្ធតែជាទីតាំងភូមិសាស្រ្តយ៉ាងល្អសម្រាប់ទប់ទល់នឹងការឈ្លានពាន ក៏ដូចជាធ្វើការវាយបកទៅកាន់សត្រូវវិញបានយ៉ាងមានប្រសិទ្ធភាពខ្ពស់បំផុត។ គិតត្រឹមពេលសមត្ថភាពយោធារបស់តៃវ៉ាន់ក៏មានកម្រិតខ្ពស់មិនចាញ់ប្រទេសធំៗនៅលើពិភពលោកឡើយ ដូចនេះការឈ្លានពានមកលើកោះតៃវ៉ាន់នឹងក្លាយជាសមរភូមិដ៏តានតឹងបំផុតមួយ ពោលគឺវាមិនងាយស្រួលដូចអ្វីដែលភាគីចិនកំពុងតែគិតនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






