តួលេខអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍ដួលរលំអណ្តូងរ៉ែនៅចិនបន្តកើនឡើងដល់ ៦នាក់ ខណៈ ៤៧នាក់នៅបន្តបាត់ខ្លួន
- BY
- Pheakdey
- February 24, 2023
ចិន៖ តួលេខអ្នកស្លាប់ក្នុងហេតុការណ៍ដួលរលំអណ្តូងរ៉ែនៅក្នុងប្រទេសចិនបានបន្តកើនឡើងរហូតដល់ ៦នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈនេះ។ ទន្ទឹមគ្នានេះក្រុមអ្នកជួយសង្គ្រាះក៏បានជួយស្វែងរកមនុស្សពីគំនរបាក់បែកបានមួយចំនួនបន្ថែមទៀតផងដែរ ខណៈគិតត្រឹមពេលនេះមនុស្សដែលនៅកំពុងបាត់ខ្លួនគឺនៅមានចំនួន ៤៧នាក់ទៀត។

សូមបញ្ជាក់ជូនថា អណ្តូងរ៉ែមួយកន្លែងនេះគឺជាប្រភេទអណ្តូងរ៉ែធ្យូងថ្ម ជាកម្មសិទ្ធរបស់ក្រុមហ៊ុន Xinjing Coal Mining មានទីតាំងស្ថិតនៅក្នុងតំបន់ Inner Mongolia ភាគខាងជើងប្រទេសចិន។ គួររម្លឹកផងដែរថា ហេតុការណ៍ដួលរលំអណ្តូងរ៉ែខាងលើនេះបានកើតឡើងតាំងពីល្ងាចថ្ងៃពុធ មកម្ល៉េះ ហើយអាជ្ញាធរចិនបានប្រើប្រាស់ក្រុមអ្នកជួយសង្គ្រោះចំនួន ៣០០នាក់ រថយន្តសង្គ្រោះបន្ទាន់ចំនួន ១៥គ្រឿង និងគ្រូពេទ្យចំនួន ៤៥នាក់ ដើម្បីធ្វើអន្តរាគមន៍ជួយជនរងគ្រោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






