អន្តរជាតិ

បបូរមាត់សិប្បនិម្មិតសម្រាប់ថើបគ្នាពីចម្ងាយកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅចិន និងកំពុងមានដាក់លក់នៅលើ Taobao

BY
Pheakdey
February 25, 2023

ចិន៖ សម្រាប់គូស្នេហ៍ដែលនៅឆ្ងាយពីគ្នាបើទោះជាពួកគេអាចជួបគ្នាតាមរយៈការនិយាយវីដេអូទល់មុខគ្នាក៏ដោយ តែពួកគេនៅតែមិនអាចបង្ហាញសេចក្តីស្រលាញ់តាមរយៈការថើបគ្នាបាននោះទេ។ ព្រោះហេតុផលនេះហើយទើបឧបករណ៍សម្រាប់ថើបគ្នាពីចម្ងាយត្រូវបានបង្កើតឡើង និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសចិន ពិសេសនោះគឺនៅក្នុងចំណោមយុវវ័យតែម្តង។

បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post បានឲ្យដឹងថា ឧបករណ៍សម្រាប់ថើបគ្នាពីចម្ងាយនោះត្រូវបានផ្តួចផ្តើមផលិតឡើងដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យនៃខេត្ត Jiangsu ភាគខាងជើងប្រទេសចិន ខណៈបបូរមាត់សិប្បនិម្មតិនោះត្រូវបានផលិតឡើងពីស៊ីលីកុន។ ដើម្បីអាចប្រើប្រាស់ឧបករណ៍នេះបានគឺលោកអ្នកត្រូវដំឡើងកម្មវិធីក្នុងទូរស័ព្ទដៃមួយមានឈ្មោះថា “Kiss Square” ហើយតាមរយៈកម្មវិធីនេះគឺលោកអ្នកអាចធ្វើការ “upload” ស្នាមថើបរបស់ខ្លួនបាន ខណៈអ្នកទទួលស្នាមថើបទាំងនោះនឹងត្រូវទទួលបានការថើបជំនួសដោយបបូរមាត់សិប្បនិម្មិត។ ប្រភពខាងលើបានបញ្ជាក់ថា ឧបករណ៍សម្រាប់ថើបគ្នាពីចម្ងាយនេះគឺកំពុងមានដាក់លក់នៅលើ Taobao ក្នុងតម្លៃ ២៦០យន់ (ប្រហែល ៣៨ដុល្លារ)៕

 

អត្ថបទ៖ ភក្តី

ប្រភព៖ scmp

Share This Post: