អាជ្ញាធរនៃកោះបាលីទទូចឲ្យពលរដ្ឋខ្លួនយកកូនរហូតដល់ ៤នាក់ ដើម្បីការពារកុំឲ្យឈ្មោះតំណាងឲ្យកូនទី៣និងទី៤ ត្រូវរលាយបាត់ពីក្នុងសង្គម
- BY
- Pheakdey
- February 27, 2023
ឥណ្ឌូនេស៊ី៖ អាជ្ញាធរនៃខេត្តបាលី ដែលជាកោះទេសចរណ៍ដ៏មានសក្តានុពលមួយរបស់ប្រទេសឥណ្ឌូនេស៊ីបានទទូចឲ្យពលរដ្ឋខ្លួនមានកូនរហូតដល់ ៤នាក់ក្នុងមួយគ្រួសារដើម្បីអភិរក្សឈ្មោះចំនួន ២ កុំឲ្យរលាយបាត់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃចន្ទ ទី២៧ ខែកុម្ភៈនេះ។ គួរបញ្ជាក់ជូនថា តាមទំនៀមទម្លាប់របស់ពលរដ្ឋដែលរស់នៅលើកោះបាលីគឺគេតែងដាក់ឈ្មោះកូនទៅតាមលំដាប់កូននៅក្នុងគ្រួសារនីមួយៗ ពោលគឺគេមានប្រភេទឈ្មោះសម្រាប់ដាក់ឲ្យកូនទី១ កូនទី២ កូនទី៣ និងកូនទី៤ ដាច់ដោយឡែកពីគ្នា។

ប្រភពខាងលើបានបន្តថា ជាច្រើនឆ្នាំចុងក្រោយនេះពលរដ្ឋនៅកោះបាលីភាគច្រើនបានសម្រេចយកចិត្តយកកូនតែ ២នាក់ប៉ុណ្ណោះ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។ យ៉ាងណាក្តី ផ្នត់គំនិតថ្មីនេះបានកំពុងតែធ្វើឲ្យឈ្មោះ Nyoman និង Ketut ដែលជាឈ្មោះតំណាងឲ្យកូនទី៣ និងកូនទី៤ ស្ទើរតែបាត់លែងមាននៅលើកោះបាលីទៅហើយ។ ព្រោះហេតុផលដូចបានជម្រាបជូនខាងលើនេះហើយទើបលោក Wayan Koster អភិបាលខេត្តបាលីបានចេញមុខអំពាវនាវឲ្យពលរដ្ឋខ្លួនគួរបង្កើតកូនឲ្យបាន ៤នាក់ ដើម្បីការពារកុំឲ្យឈ្មោះ Nyoman និង Ketut ត្រូវរលាយបាត់ពីលើកោះបាលីក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






