អន្តរជាតិ

ជប៉ុនគ្រោងទិញមីស៊ីលបាញ់កម្ទេចនាវាចំនួន ៤០០គ្រាប់ពីអាមេរិក ខណៈជប៉ុនបានអនុម័តថវិកាជាង ១,៥ពាន់លានដុល្លារទុកសម្រាប់ទិញមីស៊ីល

BY
Pheakdey
February 27, 2023

ជប៉ុន៖ លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានប្រកាសថា នឹងបញ្ជាទិញមីស៊ីលចំនួន ៤០០គ្រាប់ពីសហរដ្ឋអាមេរិក ដើម្បីទុកបម្រើក្នុងវិស័យការពារជាតិ ជាពិសេសនោះគឺទុកសម្រាប់ការពារប្រទេសពីការគំរាមគំហែងពីសំណាក់ប្រទេសចិន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅល្ងាចថ្ងៃចន្ទ ទី២៧ ខែកុម្ភៈនេះបានឲ្យដឹងថា មីស៊ីលដែលជប៉ុនគ្រោងនឹងបញ្ជាទិញនោះគឺជាមីស៊ីល Tomahawk ដែលជាប្រភេទមីស៊ីលសម្រាប់បាញ់កម្ទេចនាវាចម្បាំងក្នុងរយៈចម្ងាយឆ្ងាយ។

គួររម្លឹកជូនថា កាលពីដើមខែកុម្ភៈនេះ លោក Yasukazu Hamada ដែលជារដ្ឋមន្ត្រីក្រសួងការពារជប៉ុនធ្លាប់បានប្រកាសថា រដ្ឋាភិបាលជប៉ុនបានសម្រេចប្រើប្រាស់កញ្ចប់ថវិកាដែលមានតម្លៃចំនួន ២១១,៣ ពាន់លានយេន (ជាង ១,៥ពាន់លានដុល្លារ) ដើម្បីទិញមីស៊ីលទុកសម្រាប់ប្រើប្រាស់ក្នុងរយៈជាច្រើនឆ្នាំទៅមុខទៀត ដ្បិតជប៉ុនកំពុងត្រូវការអាវុធប្រភេទនេះយ៉ាងចាំបាច់បំផុតដើម្បីពង្រឹងវិស័យយោធារបស់ខ្លួន។ យ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រីជប៉ុនមិនបានបញ្ជាក់ទេថា មីស៊ីលចំនួន ៤០០គ្រាប់ខាងលើនេះមានតម្លៃប៉ុន្មាននោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: