អត្រាកំណើតនៅជប៉ុនបន្តធ្លាក់ចុះខ្លាំង ៧ឆ្នាំជាប់គ្នា ខណៈនៅក្នុងឆ្នាំ ២០២២នេះជប៉ុនមានពលរដ្ឋកើតថ្មីត្រឹមជាង ៧០ម៉ឺននាក់ប៉ុណ្ណោះ
- BY
- Pheakdey
- March 1, 2023
ជប៉ុន៖ អត្រាកំណើតនៅក្នុងប្រទេសជប៉ុនសម្រាប់នៅក្នុងឆ្នាំ ២០២២ កន្លងទៅបានធ្លាក់ចុះយ៉ាងខ្លាំងបំផុតនិងបានធ្លាក់ចុះក្នុងកម្រិតដែលមិនធ្លាប់កើតទាល់តែសោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី១ ខែមីនានេះ។ នៅក្នុងរយៈពេញមួយឆ្នាំនៃឆ្នាំ២០២២នេះ គឺនៅទូទាំងប្រទេសជប៉ុនមានអាត្រាកំណើតថ្មីត្រឹមតែ ៧៩៩,៧២៨ នាក់ប៉ុណ្ណោះ។

ប្រភពខាងលើបានបន្តថា អាត្រាកំណើតនេះមានការធ្លាក់ចុះ ៥,១ % បើធៀបទៅនឹងអត្រាកំណើតនៅក្នុងឆ្នាំ ២០២១ ខណៈជប៉ុនបានប្រឈមនឹងបញ្ហាធ្លាក់ចុះអត្រាកំណើតនេះក្នុងរយៈពេល ៧ឆ្នាំជាប់គ្នាមកហើយ។ គួរកត់សម្គាល់ថា អាត្រាកំណើតដែលបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងឆ្នាំ ២០២២នេះ គឺជាកំណត់ត្រានៃការធ្លាក់ចុះចំនួនមនុស្សកើតថ្មី ដែលមិនធ្លាប់កើតមាននៅក្នុងប្រទេសជប៉ុននោះទេ បើគិតចាប់តាំងពីពេលដែលជប៉ុនចាប់ផ្តើមរាប់ចំនួនមនុស្សកើតថ្មីនៅក្នុងឆ្នាំ ១៨៩៩មក។ សូមបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះពលរដ្ឋជប៉ុនភាគច្រើនមិនសូវខ្វល់ខ្វាយចំពោះរឿងរៀបការឡើយ ហើយអ្នករៀបការរួចមួយចំនួនក៏មិនមានគម្រោងយកកូនច្រើននាក់ដែរ ខណៈជប៉ុនត្រូវបានគេមើលឃើញថា ជាប្រទេសមួយដែលសម្បូរទៅដោយពលរដ្ឋជាមនុស្សចាស់ច្រើនជាងពលរដ្ឋវ័យក្មេង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






