អន្តរជាតិ

ជំនន់ទឹកភ្លៀងបានបណ្ដាលឱ្យពលរដ្ឋម៉ាឡេស៊ីម្នាក់បាត់បង់ជីវិត ខណៈជាង ៦,០០០នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនជាបន្ទាន់

BY
Pheakdey
March 1, 2023

ម៉ាឡេស៊ី៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ ដែលកំពុងតែវាយប្រហាររដ្ឋ Johor នៃប្រទេសម៉ាឡេស៊ីយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅល្ងាចថ្ងៃពុធ ទី១ ខែកុម្ភៈនេះបានបញ្ជាក់ថា ក្រៅតែពីបានឆក់យកជីវិតពលរដ្ឋម្នាក់ហើយ ឥទ្ធិពលនៃទឹកជំនន់ក៏បានបង្ខំឲ្យពលរដ្ឋម៉ាឡេស៊ីជាង ៦,០០០នាក់ត្រូវជម្លៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេជាបន្ទាន់ផងដែរ។

ប្រភពខាងលើបានបន្តថា ពលរដ្ឋទាំងជាង ៦,០០០នាក់នោះកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលជួយជនភៀសខ្លួនជាង ៥០កន្លែងផ្សេងគ្នា ខណៈអាជ្ញាធរម៉ាឡេស៊ីក៏កំពុងតែព្យាយាមសាងសងមជ្ឈមណ្ឌលសង្គ្រោះនេះជាច្រើនកន្លែងបន្ថែមទៀតផងដែរ ដើម្បីធានាឲ្យមានកន្លែងដែលមានសុវត្ថិភាពគ្រប់គ្រាន់ចំពោះពលរដ្ឋដែលត្រូវធ្វើការជម្លៀសខ្លួនបន្ថែមទៀត។ គួរបញ្ជាក់ជូនថា ទឹកជំនន់ដែលកំពុងបង្កគ្រោះថ្នាក់នៅក្នុងប្រទេសម៉ាឡេស៊ីនៅពេលនេះគឺជាជំនន់ទឹកភ្លៀង ខណៈយោងទៅតាមការព្យាករណ៍បានបង្ហាញថា នៅក្នុងតំបន់កើតហេតុខាងលើនេះនឹងត្រូវមានភ្លៀងធ្លាក់យ៉ាងខ្លាំងបន្ថែមជាច្រើនទៀតរហូតដល់ចុងសប្តាហ៍នេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: