អន្តរជាតិ

ស្ត្រីម្នាក់អាយុជិត៣០ឆ្នាំ ស្រែកយំឡាំប៉ាបោកខ្លួនផ្អើលពេញហាង ដោយសារសុំឪពុកម្តាយទិញស្បែកជើងមួយ ពួកគាត់មិនទិញអោយ

BY
Pheakdey
March 10, 2023

ចិន៖ ស្រ្តីជនជាតិចិនម្នាក់កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមនៅទូទាំងប្រទេសចិន ក្រោយរូបនាងបានធ្វើសកម្មភាពយំឡាំប៉ាបោកខ្លួនយ៉ាងខ្លាំងនៅក្នុងហាងលក់ស្បែងជើងមួយកន្លែង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមីនានេះបានបញ្ជាក់ថា ហេតុការណ៍ដ៏កម្រនេះបានកើតឡើងនៅក្នុងហាងលក់ស្បែកជើងមួយកន្លែងក្នុងក្រុង Shaoxing ខេត្ត Zhejiang ភាគខាងលិចប្រទេសចិន​ ខណៈស្រ្តីដែលយំឡាំប៉ាព្រោះតែរឿងស្បែកជើងមួយគូនោះត្រូវបានគេដឹងថា មានអាយុរហូតដល់ ២៨ឆ្នាំទៅហើយ។

ប្រភពខាងលើបានបន្តថា សកម្មភាពនោះត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពនៅក្នុងហាង ហើយក្នុងពេលយំឡាំប៉ានោះគេថែមទាំងបានឮស្រ្តីវ័យ ២៨ ឆ្នាំរូបនេះនិយាយទាំងអួលដើមកទៀថា៖ “តើជើងរបស់ខ្ញុំថោកណាស់មែនទេ? បានជាមិនទិញស្បែកជើងឲ្យខ្ញុំ។” “អ្នកបានយកលុយសន្សំរបស់ខ្ញុំអស់ទៅហើយ ហេតុអ្វីគ្រាន់តែខ្ញុំសុំទិញស្បែកជើងមួយគូមិនបាន” នេះគឺជាសំដីដែលស្រ្តីរូបនេះបាននិយាយទៅកាន់ឪពុកម្តាយរបស់នាង ដើម្បីទាមទារសុំទិញស្បែកជើងមួយគូដែលមានតម្លៃត្រឹមតែ ២០០ យន់ (២៩ដុល្លារអាមេរិក) តែប៉ុណ្ណោះ។

តាមរយៈហេតុការណ៍ខាងលើនេះគេអាចយល់បានថា ឪពុកម្តាយរបស់ស្រ្តីខាងលើគឺជាមនុស្សតឹងរឹងនិងផ្តាច់ការបំផុត ពោលគឺពួកគាត់នៅតែបន្តគ្រប់គ្រងលើលុយនិងការចំណាយរបស់កូនទាំងដែលកូនមានអាយុរហូតដល់ទៅ ២៨ឆ្នាំទៅហើយ។ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមនៅក្នុងប្រទេសចិនបានសម្តែងនូវការអាណិតអាសូរចំពោះស្រ្តីរូបនេះយ៉ាងខ្លាំង និងបានស្នើសុំឲ្យឪពុកម្តាយរបស់នាងត្រូវចេះបើកចិត្តឲ្យទូលាយនិងផ្តល់សិទ្ធសេរីភាពចំពោះកូនឲ្យបានពេញលេញ ដ្បិតកូនស្រីរបស់គាត់ជាមនុស្សដែលពេញវ័យទៅហើយ៕

អត្ថបទ៖ ភក្តី

ប្រភព​៖​ South China Morning Post

 

Share This Post: