អន្តរជាតិ

រូបសំណាក់ព្រះពុទ្ធតូចមួយអង្គ នឹងត្រូវដាក់លក់នៅអូស្រ្តាលីក្នុងតម្លៃជាង ១០ម៉ឺនដុល្លារ

BY
Pheakdey
March 10, 2023

អូស្រ្តាលី៖ រូបសំណាក់ព្រះពុទ្ធដ៏តូចមួយអង្គ នឹងត្រូវដាក់លក់ក្នុងតម្លៃរាប់សែនដុល្លារដែលជាតម្លៃដ៏ខ្ពស់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនាម្សិលមិញនេះ។ រូបសំណាក់ព្រះពុទ្ធមួយអង្គនេះមានកម្ពស់ប្រមាណជា ១៥សង់ទីម៉ែត្រ ត្រូវបានគេរកឃើញនៅក្នុងប្រទេសអូស្រ្តាលី កាលពីអំឡុងឆ្នាំ ២០១៨ កន្លងទៅ ពោលគឺគេបានរកឃើញក្នុងរយៈពេលជិត ៥ឆ្នាំហើយ មុននឹងសម្រេចធ្វើការដាក់លក់នេះ។

បើតាមលោក Leon Deschamps និងលោក Shayne Thompson ដែលជាអ្នកបានរកឃើញរូបសំណាក់នេះបានអះអាងថា រូបសំណាក់ព្រះពុទ្ធកាលពីនៅជាកុមារមួយនេះមានប្រភពមកពីប្រទេសចិន ហើយគេជឿថារូបសំណាក់មួយនេះត្រូវបានបង្កើតឡើងកាលពីជំនាន់រាជវង្សមីង​ ខណៈគេនៅទាន់រកឃើញទេថា តើរូបសំណាក់មួយនេះអាចទៅដល់ប្រទេសអូស្រ្តាលីដោយរបៀបណា។ យ៉ាងណាក្តីគេអាចប៉ាន់ស្មានថា ទំនងជាមានអ្នករុករកជនជាតិចិនណាម្នាក់បានយករូបសំណាក់នេះទៅកាន់ប្រទេសអូស្រ្តាលីហើយក៏បានបន្សល់ទុករូបសំណាក់នេះនៅលើទឹកដីអូស្រ្តាលីតែម្តង។ សូមបញ្ជាក់ថា ការដាក់លក់រូបសំណាក់ព្រះពុទ្ធខាងលើនេះនឹងត្រូវរៀបចំឡើងនៅក្នុងប្រទេសអូស្រ្តាលីតាមរយៈការដេញថ្លៃ ដោយតម្លៃចាប់ផ្តើមដំបូងនោះគឺ ១០ម៉ឺនដុល្លារ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Next Shark

Share This Post: