ចិន បើកប្រទេសទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាធម្មតាឡើងវិញ ក្រោយបិទខ្ទប់អស់រយៈពេល ៣ឆ្នាំ
- BY
- Pheakdey
- March 14, 2023
ចិន៖ រដ្ឋាភិបាលនៃប្រទេសចិនបានសម្រេចបើកច្រកព្រំដែនប្រទេសដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិជាធម្មតាឡើងវិញហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី១៤ ខែមីនានេះ។ ការសម្រេចខាងលើនេះត្រូវបានគេមើលឃើញថា គឺជាការសម្រេចបើកប្រទេសលើកទី ១ហើយ បើរាប់ចាប់តាំងពីពេលមានការរាតត្បាតជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំនៅក្នុងប្រទេសចិនតាំងពីឆ្នាំ ២០២០មក។
ប្រភពខាងលើបានបន្តថា វិធានការបើកប្រទេសជាធម្មតាឡើងវិញនេះនឹងត្រូវរដ្ឋាភិបាលចិនផ្តើមអនុវត្តចាប់ពីថ្ងៃទី ១៥ ខែមីនានេះតទៅហើយ ពោលគឺអាជ្ញាធរចិននឹងទទួលស្វាគមន៍គ្រប់អ្នកដំណើរទាំងអស់មិនថាពួកគេមកកាន់ប្រទេសចិនដោយប្រើទិដ្ឋាការអ្វីនោះទេ។ គួររម្លឹកជូនថា ការសម្រេចខាងលើនេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរសុខាភិបាលចិនបានប្រកាសកាលពីខែមុនថា៖ “ចិនបានយកឈ្នះលើជំងឺកូវីដ-១៩ទាំងស្រុងហើយ ក្រោយការប្រយុទ្ធប្រឆាំងអស់រយៈពេល ៣ឆ្នាំកន្លងមកនេះ”។ គួរបញ្ជាក់ជូនថា វិស័យទេសចរណ៍គឺជាប្រភពនៃប្រាក់ចំណូលដ៏សំខាន់មួយសម្រាប់រដ្ឋាភិបាលចិន ហើយគេរំពឹងថាវិស័យមួយនេះនឹងអាចជួយស្តារសេដ្ឋកិច្ចចិនឲ្យងើបឡើងវិញបានឆាប់រហ័សផងដែរ ក្រោយសេដ្ឋកិច្ចជាតិចិនបានរងផលប៉ះពាល់យ៉ាងខ្លាំងក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ៕
ប្រភព៖ Channel News Asia
- Share This Post: