អន្តរជាតិ

អូស្រ្តាលីចាយលុយជិត ៩០០លានដុល្លារដើម្បីទិញមីស៊ីលជាង ២០០គ្រាប់ពីអាមេរិកយកមកពង្រឹងសន្តិសុខជាតិ

BY
Pheakdey
March 17, 2023

អូស្រ្តាលី៖ រដ្ឋាភិបាលនៃប្រទេសអូស្រ្តាលីសម្រេចបញ្ជាទិញមីស៊ីសម្រាប់បាញ់កម្ទេចនាវាចំនួន ២២០គ្រាប់ពីសហរដ្ឋអាមេរិក ខណៈការបញ្ជាទិញនេះត្រូវបានគេមើលឃើញថា គឺជាការបញ្ជាទិញមីស៊ីលក្នុងចំនួនដ៏ច្រើនគួរឲ្យកត់សម្គាល់មួយផងដែរ។ បើយោងទៅតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១៧ ខែមីនានេះបានបញ្ជាក់ថា នៅក្នុងគម្រោងទិញមីស៊ីលខាងលើនេះគឺរដ្ឋាភិបាលអង់គ្លេសនឹងត្រូវចំណាយថវិកាចំនួន ៨៩៥លានដុល្លារ ខណៈនៅក្នុងកញ្ចប់ចំណាយនេះក៏មានបញ្ចូលទាំងការផ្តល់ជំនួយផ្នែកបច្ចេកទេសជាច្រើនដំណាក់កាលផងដែរ។

បើតាមលោក Richard Marles  រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្រ្តាលីបានបញ្ជាក់ថា នៅក្នុងចំណោមមីស៊ីលទាំង ២២០គ្រាប់នោះគឺសុទ្ធតែជាមីស៊ីលទំនើបជំនាន់ចុងក្រោយគេបង្អស់ ខណៈនៅក្នុងនោះក៏មានបញ្ចូលទាំងមីស៊ីលប្រភេទ Tomahawk ដែលជាមីស៊ីលមានសមត្ថភាពអាចបាញ់បាននៅក្នុងរយៈចម្ងាយឆ្ងាយផងដែរ។ រដ្ឋមន្ត្រីការពារជាតិរូបនេះបានបន្តថា ចំពោះការសម្រេចបញ្ជាទិញមីស៊ីលក្នុងទំហំទឹកប្រាក់ដ៏ច្រើនសម្បើមនេះគឺត្រូវបានធ្វើឡើងនៅក្រោមហេតុផលថា ដើម្បីពង្រឹងសន្តិសុខជាតិឲ្យស្របតាមស្ថានភាពជាក់ស្តែងនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ BBC

Share This Post: