បុរសដែលធ្វើឲ្យប្រឡាក់ជញ្ជាំងវត្តព្រះកែវនៅប្រទេសថៃអាចប្រឈមនឹងការជាប់គុក ៧ឆ្នាំនិងពិន័យជាប្រាក់ជាង ២ម៉ឺនដុល្លារ
- BY
- Pheakdey
- March 30, 2023
ថៃ៖ បុរសម្នាក់ដែលបានគូរវាសធ្វើឲ្យប្រឡាក់ជញ្ជាំងវត្តព្រះកែវនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ត្រូវប្រឈមនឹងការជាប់គុកក្នុងរយៈពេលរហូតដល់ ៧ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីល្ងាចថ្ងៃពុធ ទី២៩ ខែមីនានេះ។ បុរសដែលជាជនសង្ស័យក្នុងករណីខាងលើនេះមានឈ្មោះថា Suttawee Soikham អាយុ ២៤ឆ្នាំ ហើយរូបគាត់ត្រូវបានគេស្គាល់ថា គឺជាសកម្មជននយោបាយដ៏មោះមុតម្នាក់ ដែលមាននិន្នាការប្រឆាំងទៅនឹងរដ្ឋាភិបាលថៃនិងរបបរាជានិយម។

គួរបញ្ជាក់ជូនថា វត្តព្រះកែវដែលជាទីកន្លែងកើតហេតុនោះគឺជាផ្នែកមួយរបស់ព្រះបរមរាជរាំងថៃ និងជាទីសក្ការៈបូជារបស់ព្រះមហាក្សត្រថៃផងដែរ។ ចំពោះសកម្មភាពរបស់លោក Suttawee Soikham ដែលបានយកស្រ្ពាយពណ៌ទៅបាញ់នៅលើជញ្ជាំងវត្តនោះ គឺត្រូវបានអាជ្ញាធរថៃចោទប្រកាន់ថា ជាសកម្មភាពប្រមាថព្រះមហាក្សត្រថៃ ហើយបើយោងទៅតាមក្រមព្រហ្មទណ្ឌលេខ ១១២នៅក្នុងច្បាប់ប្រទេសថៃបានកំណត់ថា ជនល្មើសក្នុងករណីនេះអាចប្រឈមនឹងការជាប់គុករហូតដល់ ៧ឆ្នាំ ឬពិន័យជាប្រាក់ចំនួន ៧០០,០០០បាត (២០,៤៤៣ ដុល្លារ) ឬអនុវត្តទាំងការជាប់គុកនិងពិន័យជាប្រាក់ព្រមគ្នាតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






