អាជ្ញាធរជប៉ុនពិន័យមន្ត្រីម្នាក់ជាង ១ម៉ឺនដុល្លារ ក្រោយចេញទៅជក់បារីក្នុងម៉ោងការងារហើយគិតជារយៈពេលសរុបគឺគាត់បានលួចម៉ោងការងារ ៣៥៥ម៉ោង និង ១៩នាទី
- BY
- Pheakdey
- March 31, 2023
ជប៉ុន៖ បុរសជនជាតិជប៉ុនម្នាក់ត្រូវពិន័យជាប្រាក់ចំនួន ១,៤៤លានយេន (ប្រហែល ១០,៩០០ដុល្លារអាមេរិក) ក្រោយរូបគាត់បានធ្វើសកម្មភាពជក់បារីនៅកន្លែងធ្វើការងារនិងក្នុងម៉ោងបំពេញការងារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនានេះ។ បុរសដែលត្រូវរងនូវការពិន័យជាប្រាក់ដ៏ច្រើននេះគឺជាមន្ត្រីរាជការកំពុងបម្រើការងារនៅក្នុងមន្ទីរហិរញ្ញវត្ថុក្នុងទីក្រុងអូសាកា ដែលជាទីក្រុងកំពង់ផែធំបំផុតនៅក្នុងប្រទេសជប៉ុន។

គួរបញ្ជាក់ជូនថា ទីក្រុងអូសាកាបានផ្តើមអនុវត្តច្បាប់ហាមមិនឲ្យមានការជក់បារីនៅក្នុងបរិវេណស្ថាប័នរដ្ឋនៅក្នុងឆ្នាំ ២០០៨ ហើយនៅក្នុងឆ្នាំ ២០១៩ ទីក្រុងដែលជាប្រភពសេដ្ឋកិច្ចនិងពាណិជ្ជកម្មដ៏សំខាន់មួយនេះមួយនេះបានអនុវត្តច្បាប់ស្តីពីការជក់បារីមួយបន្ថែមទៀត គឺហាមឃាត់មិនឲ្យមន្ត្រីរាជការជក់បារីនៅក្នុងម៉ោងបំពេញការងារនោះទេ។ បើទោះជាមានច្បាប់យ៉ាងតឹងរឹងដូចនេះក្តី តែបុរសអាយុ ៦១ឆ្នាំក្នុងករណីខាងលើនេះនៅតែលួចទៅជក់បារីក្នុងម៉ោងធ្វើការងារនិងជក់នៅក្នុងបរិវេណនៃកន្លែងបំពេញការងារ ហើយបើយោងទៅតាមការស៊ើបង្កេតគេបានរកឃើញថា គាត់បានលួចទៅជក់បារីប្រមាណជា ៤,៥០០ដងក្នុងរយៈពេល ១៤ឆ្នាំចុងក្រោយនេះ ហើយបើគិតជាពេលវេលាសរុបវិញគឺគាត់បានលួចម៉ោងធ្វើការងារអស់ចំនួន ៣៥៥ម៉ោង និង ១៩នាទី។ សូមបញ្ជាក់ជូនថា ប្រាក់ដែលគេត្រូវពិន័យពីបុរសរូបនេះ គឺត្រូវធ្វើឡើងតាមរយៈការកាត់ប្រាក់ខែរបស់គាត់ចំនួន ១០%រៀងរាល់ខែរហូតដល់គ្រប់ចំនួនដែលត្រូវពិន័យសរុប៕

អត្ថបទ៖ ភក្តី
ប្រភព៖ Next Shark
- Share This Post:






