អាមេរិកផ្តល់ជំនួយ ២,៦ពានលានដុល្លារបន្ថែមទៀតទៅកាន់អ៊ុយក្រែន ខណៈនៅក្នុងកញ្ចប់ថ្មីនេះមានបញ្ចូលទាំងគ្រាប់រ៉ុកកែតទំនើបសម្រាប់បាញ់រថភ្លើងទៀតផង
- BY
- Pheakdey
- April 1, 2023
អាមេរិក៖ រដ្ឋាភិបាលអាមេរិកដែលស្ថិតនៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃឌិន បានសម្រេចផ្តល់ជំនួយដែលតម្លៃ ២,៦ពាន់លានដុល្លារបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី១ ខែមេសានេះ។ កញ្ចប់ជំនួយថ្មីនេះមិនខុសពីកញ្ចប់ជំនួយមុនៗឡើយ ពោលគឺជាជំនួយផ្នែកយោធាដែលត្រូវបានផ្តល់ជូនក្នុងគោលបំណងជួយឲ្យអ៊ុយក្រែនយកទៅធ្វើការប្រយុទ្ធប្រឆាំងជាមួងកងទ័ពរុស្ស៊ី។

ប្រភពខាងលើនេះបានបន្តថា នៅក្នុងកញ្ចប់ជំនួយថ្មីនេះគឺអាមេរិកនឹងដាក់បញ្ចូលនូវអាវុធថ្មីនិងទំនើបជាច្រើនប្រភេទ មានដូចជាប្រព័ន្ធរ៉ាដាសម្រាប់ឃ្លាំមើលលើដែនអាកាស រថយន្តដឹកប្រេងនៅលើសមរភូមិ និងគ្រាប់រ៉ុកកែតសម្រាប់បាញ់កម្ទេចរថភ្លើងផងដែរ។ គួរកត់សម្គាល់ថា គិតចាប់តាំងពីភ្លើងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានផ្ទុះឡើងមក សហរដ្ឋអាមេរិកបានផ្តល់ជំនួយឲ្យទៅអ៊ុយក្រែនអស់ចំនួន ៣០ពាន់លានដុល្លារហើយ ខណៈអាមេរិកបានសន្យាថា នឹងបន្តជួយអ៊ុយក្រែនរហូតទាល់តែភ្លើងសង្គ្រាមត្រូវបានបិទបញ្ចប់ទាំងស្រុង៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






