អន្តរជាតិ

អាជ្ញាធរថៃព្រមានថា ពលរដ្ឋស្ថិតនៅក្នុងលក្ខខណ្ឌទាំង ២នេះងាយប្រឈមនឹងបញ្ហាដាច់សរសៃឈាមខួរក្បាលបំផុតក្នុងអំឡុងពេលនៃរដូវក្តៅនេះ

BY
Pheakdey
April 1, 2023

ថៃ៖ នាយកដ្ឋានឧតុនិយមថៃបានជូនដំណឹងឲ្យពលរដ្ឋខ្លួនត្រូវចេះថែរក្សាសុខភាពពីការកើតមានហានិភ័យសុខភាពផ្សេងៗដែលអាចបង្កឡើងដោយរលកកម្តៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃសៅរ៍ ​ទី១ ខែមេសានេះ។ ការទាញសញ្ញាព្រមាននេះត្រូវបានធ្វើឡើងក្រោយមានការព្យាករណ៍ថា សីតុណ្ហភាពជារួមនៅក្នុងប្រទេសថៃនៅក្នុងរដូវក្តៅនេះនឹងត្រូវកើនឡើង ១អង្សាសេបន្ថែមទៀត បើធៀបទៅនឹងសីតុណ្ហភាពក្នុងរដូវក្តៅកាលពីឆ្នាំមុន ខណៈសីតុណ្ហភាពនៅតំបន់ភាគខាងជើងប្រទេសអាចនឹងកើនឡើងដល់ ៤៣អង្សាសេឯណោះនៅក្នុងរដូវក្តៅឆ្នាំនេះ។

បើតាមលោកស្រី Chomparee Chompurat ដែលជាប្រធាននាយកដ្ឋា​នឧតុនិយមថៃបានបញ្ជាក់ថា មានខេត្តចំនួន ៤ ដែលអាចប្រឈមនឹងរលកកម្តៅក្នុងកម្រិតដ៏ខ្ពស់បំផុតមានដូចជាខេត្ត Sukhothai ខេត្ត Tak ខេត្ត Lampang និង ខេត្តMae Hong Son។ លោកស្រីប្រធាននាយកដ្ឋានរូបនេះបានបញ្ជាក់ថា ក្រុមម​​នុស្សធាត់និងក្រុមមនុស្សចាស់ នឹងក្លាយជាក្រុមងាយរងគ្រោះពីរលកកម្តៅដ៏ខ្ពស់នេះ ខណៈគ្រោះថ្នាក់ធ្ងន់ធ្ងរមួយដែលពួកគេអាចជួបប្រទះនោះគឺបញ្ហាដាច់សរសៃឈាមក្នុងខួរក្បាល។ ដើម្បីបង្ការកុំឲ្យកើតមានហានិភ័យសុខភាពនេះ មនុស្សទាំង ២ក្រុមខាងលើនេះត្រូវចៀសវាងការធ្វើលំហាត់ប្រាណ ឬធ្វើសកម្មភាពដែលប្រើកម្លាំងខ្លាំងនៅខាងក្រៅអគារក្នុងអំឡុងពេលដែលសីតុណ្ហភាពកំពុងឡើងក្តៅខ្លាំង៕

អត្ថបទ៖ ភក្តី

ប្រភព៖  បាងកកប៉ុស្តិ៍

Share This Post: