ក្រុមប្រទេសមហាអំណាចប្រេងកាតសម្រេចកាត់បន្ថយការផលិតប្រេងជាង ១លានបារ៉ែលក្នុងមួយថ្ងៃដើម្បីឆ្លើយតបនឹងវិបត្តិអតិផរណាសកល
- BY
- Pheakdey
- April 3, 2023
ក្រុមប្រទេសមហាអំណាចប្រេងកាតចំនួន ៦បានសម្រេចកាត់បន្ថយការផលិតប្រេងសរុបជាង ១លានបារ៉ែលនៅក្នុងមួយថ្ងៃ ដែលជាចំនួនកាត់បន្ថយដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទ ទី៣ ខែមេសានេះ។ ប្រទេសមហាអំណាចប្រេងកាតទាំង ៦នោះរួមមាន ប្រទេសអារ៉ាប៊ីសាអូឌីតសម្រេចកាត់បន្ថយការផលិតប្រេង ៥០០,០០០បារ៉ែល ប្រទេសអ៊ីរ៉ាក់ ២១១,០០០ បារ៉ែល ប្រទេសអារ៉ាប់រួម ១៤៤,០០០ បារ៉ែល ប្រទេសគុយវ៉ែត ១២៨,០០០ បារ៉ែល ប្រទេសអាល់ហ្សេរី ៤៨,០០០ បារ៉ែល និងប្រទេសអូម៉ង់សម្រេចកាត់បន្ថយការផលិតប្រេងចំនួន ៤០,០០០ បារ៉ែលក្នុងមួយថ្ងៃ។

ការសម្រេចកាត់បន្ថយការផលិតប្រេងនេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពទីផ្សារប្រេងសកលនាពេលបច្ចុប្បន្ន ពោលគឺជាស្ថានភាពដែលកំពុងមានភាពរញ៉េរញ៉ៃនិងមិនច្បាស់លាស់ ដែលបង្កឡើងដោយសារការដួលរលំនៃធនាគារធំៗនៅសហរដ្ឋអាមេរិក។ គួរកត់សម្គាល់ថា ការសម្រចកាត់បន្ថយការផលិតប្រេងនេះត្រូវបានធ្វើឡើងស្របពេលដែលអាមេរិកបានធ្វើការអំពាវនាវឲ្យមានការផលិតប្រេងបន្ថែមដើម្បីឆ្លើយតបទៅនឹងការសម្រេចកាត់បន្ថយការផលិតប្រេងពីសំណាក់ប្រទេសរុស្ស៊ី។ គួរបញ្ជាក់ជូនថា វិបត្តិហិរញ្ញវត្ថុនិងអតិផរណានាពេលបច្ចុប្បន្ននេះបានជំរុញឲ្យតម្លៃប្រេងឆៅត្រូវធ្លាក់ចុះសល់ត្រឹម ៨០ដុល្លារក្នុងមួយធុងបារ៉ែល ខណៈគេរំពឹងថាក្រោយការសម្រេចកាត់បន្ថយការផលិតខាងលើនេះគឺតម្លៃប្រេងអាចនឹងត្រូវកើនឡើងវិញផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






