អូស្រ្តាលីសម្រេចហាមឃាត់មិនឲ្យប្រើប្រាស់ TikTok នៅគ្រប់ឧបករណ៍អេឡិចត្រូនិចរបស់រដ្ឋាភិបាល
អូស្រ្តាលី៖ រដ្ឋាភិបាលនៃប្រទេសអូស្រ្តាលីបានប្រកាសថា នឹងលុបចោលកម្មវិធី TikTok ចេញពីគ្រប់ឧបករណ៍អេឡិចត្រូនិចដែលជាកម្មសិទ្ធរបស់រដ្ឋាភិបាល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី៤ ខែមេសានេះ។ ការសម្រេចបិទមិនឲ្យប្រើប្រាស់កម្មវិធីកំពុងមានប្រជាប្រិយភាពមួយនេះគឺត្រូវបានធ្វើឡើងនៅក្រោមហេតុផលថា ដើម្បីរក្សាសុវត្ថិភាពទិន្នន័យរបស់រដ្ឋាភិបាលពីការលួចតាមដានរបស់កម្មវិធីកំសាន្តមួយនេះ។

គួរបញ្ជាក់ជូនថា មិនមែនមានតែប្រទេសអូស្រ្តាលីនោះទេដែលបានសម្រេចធ្វើការហាមឃាត់កម្មវិធី TikTok ជាក់ស្តែងកាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក កាណាដា អង់គ្លេស នូវែលសេឡង់ បារាំង បែលហ្សិក និងសូម្បីតែអង្គការណាតូសុទ្ធតែបានសម្រេចហាមឃាត់កម្មវិធី TikTok ក្នុងលក្ខខណ្ឌស្រដៀងៗគ្នា ដូចជាហាមមិនឲ្យប្រើប្រាស់កម្មវិធីនៅលើឧបរកណ៍អេឡិចត្រូនិចរបស់រដ្ឋាភិបាល ហាមមិនឲ្យមន្ត្រីជាន់ខ្ពស់ប្រើប្រាស់កម្មវិធី ខណៈប្រទេសខ្លះបានហាមមិនឲ្យប្រើប្រាស់ TikTok ដោយភ្ជាប់ជាមួយអ៊ីនធឺណិតនៅកន្លែងបំពេញការងាររដ្ឋជាដើម។ គួររម្លឹកជូនផងដែរថា ការសម្រេចហាមឃាត់កម្មវិធី TikTok នៅតាមបណ្តាប្រទេសនីមួយៗគឺត្រូវបានធ្វើឡើងក្រោយសហរដ្ឋអាមេរិកបានធ្វើការចោទប្រកាន់ថា TikTok គឺកម្មវិធីចារកម្មរបស់ចិន ដោយកម្មវិធីមួយនេះបានលួចតាមដាននិងប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ដើម្បីផ្តល់ជូនឲ្យរដ្ឋាភិបាលចិន៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time