បុរសឥណ្ឌា ៥នាក់ត្រូវចាប់ខ្លួនជុំវិញករណីកាត់ក្បាលស្រ្តីម្នាក់យកទៅបូជាតាមបែបជំនឿអរូបិយ
- BY
- Pheakdey
- April 5, 2023
ឥណ្ឌា៖ អាជ្ញាធរឥណ្ឌាសម្រេចឃាត់ខ្លួនបុរស ៥នាក់ជុំវិញករណីឃាតកម្មសម្លាប់ស្រីម្នាក់ដើម្បីយកទៅធ្វើការបូជាតាមបែបជំនឿអរូបិយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃពុធ ទី៥ ខែមេសានេះ។ ឃាតកម្មដ៏គួរឲ្យរន្ធត់នេះបានកើតឡើងនៅក្នុងព្រះវិហារ Kamakhya ដែលជាព្រះវិហារសម្រាប់អ្នកកាន់សាសនាហិណ្ឌូមួយកន្លែង មានទីតាំងស្ថិតនៅក្នុងរដ្ឋ Guwahati ភាគខាងលិចនៃប្រទេសឥណ្ឌា និងបានកើតឡើងតាំងពីឆ្នាំ ២០១៩ម្លេះ។

ប្រភពខាងលើបានបន្តថា ជនរងគ្រោះគឺជាស្រ្តីចំណាស់ម្នាក់ឈ្មោះ Shanti Shaw អាយុ ៦៤ឆ្នាំ ដែលត្រូវបានគេកាត់ក្បាលយកទៅបាត់ ខណៈសាកសពរបស់គាត់ដែលមានតែខ្លួនទទេអត់ក្បាលនោះត្រូវបានគេរកឃើញនៅក្នុងព្រះវិហារដែលជាទីកន្លែងកើតហេតុខាងលើនេះ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ជនសង្ស័យដែលមានការជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មខាងលើនេះគឺមានចំនួនសរុប ១២នាក់ ខណៈក្រោយធ្វើសកម្មភាពរួចពួកគេបាននាំគ្នារត់គេខ្លួនបាត់អស់ និងទើបតែត្រូវបានរកឃើញចំនួន ៥នាក់កាលពីពេលថ្មីៗនេះ។ ប៉ូលិសជំនាញផ្នែកស៊ើបអង្កេតឥណ្ឌាម្នាក់បានអះអាងថា ក្រោយចាប់ខ្លួនឃាតករទាំង ៥នាក់ខាងលើនេះបានហើយ គឺខាងអាជ្ញាធរទទួលបានតម្រុយជាច្រើនដើម្បីបន្តទៅតាមចាប់ខ្លួនក្រុមជនដៃដល់ចំនួន ៧នាក់ផ្សេងទៀងផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






