បុរសជនជាតិចិនម្នាក់ត្រូវជាប់ពន្ធនាគារ ៦ខែ ក្រោយទៅបង្អើលសត្វមាន់អ្នកជិតខាង
- BY
- Pheakdey
- April 10, 2023
ចិន៖ តុលាការចិនសម្រេចកាត់ទោសបុរសម្នាក់ឲ្យជាប់គុកចំនួន ៦ខែ ចំពោះសកម្មភាពដែលគាត់បានទៅបង្អើលសត្វមាន់របស់អ្នកជិតខាងឲ្យងាប់អស់ចំនួន ១,១០០ក្បាល។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Hunan ភាគខាងត្បូងប្រទេសចិន និងបានកើតឡើងកាលពីអំឡុងខែមេសា ឆ្នាំកន្លងទៅម្ល៉េះ តែសេចក្តីសម្រេចផ្លូវការរបស់តុលាការជុំវិញករណីដ៏កម្រនេះ ទើបត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះ។

ប្រភពខាងលើបានបន្តថា ជនជាប់ចោទក្នុងករណីបង្អើលសត្វមាន់ឲ្យងាប់នេះគឺមានឈ្មោះថាលោក Gu ខណៈភាគីខាងជនរងគ្រោះគឺលោក Zhong ជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ដ៏ធំមួយ ខណៈបុរសទាំង ២នាក់នេះគឺជាអ្នកជិតខាងនឹងគ្នា។ មុនពេលកើតហេតុលោក Gu បានខឹងលោក Zhong យ៉ាងខ្លាំង បន្ទាប់ពីម្ចាស់កសិដ្ឋានចិញ្ចឹមមាន់រូបនេះបានកាប់ដើមឈើមួយដើមនៅព្រំដីដោយមិនបានប្រាប់រូបគាត់ជាមុន។ ក្នុងយប់កើតហេតុនោះលោក Gu បានលួចដើរចូលទៅក្នុងកសិដ្ឋានចិញ្ចឹមមាន់របស់លោក Zhong ហើយបានបើកពិលបាញ់ចំភ្នែកហ្វូងសត្វមាន់ ធ្វើឲ្យមាន់ផ្អើលហើរជាន់ក្បាលគ្នារហូតដល់មានសត្វមាន់ងាប់ចំនួន ៤៦០ក្បាល ខណៈក្រោយកើតមានហេតុការណ៍នេះអាជ្ញាធរចិនបានបង្គាប់ឲ្យលោក Gu បង់ប្រាក់ចំនួន ៣,០០០យន់ (៤៣៦ដុល្លារ) ទៅកាន់លោក Zhong ដើម្បីជាការសងជំងឺចិត្តនិងបញ្ចប់ជម្លោះ។
យ៉ាងណាក្តី លោក Gu បែរជាមានចិត្តខឹងលើសដើម ហើយនៅយប់បន្ទាប់ទៀតគឺរូបគាត់បានលួចទៅធ្វើសកម្មភាពដដែលនេះនៅក្នុងកសិដ្ឋានចិញ្ចឹមមាន់របស់លោក Zhong និងបានធ្វើឲ្យសត្វមាន់ដែលបានងាប់សរុបមានរហូតដល់ ១,១០០ ក្បាល និងបង្កឲ្យមានការខាតបង់ប្រាក់សរុបរហូតដល់ ១៣,៨៤០យន់ (ជាង ២,០១២ដុល្លារ) ផងដែរ។ ដោយមើលឃើញពីចេតនាអាក្រក់របស់លោក Gu ទើបតុលាការសម្រេចឲ្យរូបគាត់ជាប់គុករយៈពេល ៦ខែតែម្តង ដើម្បីឲ្យគាត់ចេះពិចារណានិងកែកំហុសរបស់ខ្លួន៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






