ហេតុការណ៍ទឹកកករមៀលធ្លាក់ពីលើភ្នំបានផ្តាច់យកជីវិតពលរដ្ឋបារាំង ៤នាក់ ខណៈ ២នាក់កំពុងបាត់ខ្លួននៅក្រោមគំនរទឹកកក
- BY
- Pheakdey
- April 10, 2023
បារាំង៖ ហេតុការណ៍ផ្ទាំងទឹកកករអិលចុះពីលើភ្នំបានបោកបក់ផ្តាច់យកជីវិតមនុស្ស ៤នាក់នៅក្នុងប្រទេសបារាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមេសានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងតំបន់ Mont Blanc ភាគអាគ្នេយ៍នៃប្រទេសបារាំង ខណៈទឹកកកដែលបានរមៀលធ្លាក់មកនោះគឺបានគ្របដណ្តប់លើផ្ទៃដីដែលមានទំហំប្រមាណជា ១,០០០ម៉ែត្រគុណនឹង ៥០០ម៉ែត្រ។

ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗហើយ អាជ្ញាធរបារាំងក៏បានរកឃើញអ្នករងរបួសម្នាក់ផងដែរ ខណៈគិតត្រឹមពេលនេះគឺនៅមានមនុស្សចំនួន ២នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ក្រោយទឹកកកបានបោកបក់នាំយកពួកគេទៅបាត់យ៉ាងឆាប់រហ័សបំផុត។ បើតាមអាជ្ញាធរបារាំងបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ៤នាក់នោះគឺមានជនរងគ្រោះចំនួន ២នាក់គឺជាមគ្គុទ្ទេសក៍នាំផ្លូវគេដើរឡើងលើភ្នំទឹកកក។ គិតរហូតមកទល់នឹងពេលនេះគឺអាជ្ញាធរបារាំងកំពុងតែដុតដៃដុតជើងតាមស្វែងរកមនុស្ស ២នាក់ដែលកំពុងបាត់ខ្លួននៅក្រោមគំនរទឹកកកនោះហើយ ខណៈគេមិនរំពឹងខ្ពស់ថា ពួកគេអាចនៅមានជីវិតរស់នោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






