កូរ៉េខាងត្បូងពិន័យក្រុមហ៊ុន Google ជាង ៣០លានដុល្លារ ចំពោះសកម្មភាពបិទមិនឲ្យគេស្វែងរកហ្គេមមួយចំនួន
- BY
- Pheakdey
- April 11, 2023
កូរ៉េខាងត្បូង៖ និយតករប្រឆាំងនឹងបទល្មើលរំលោភលើទំនុកចិត្តរបស់ប្រទេសកូរ៉េខាងត្បូងបានសម្រេចធ្វើការផាកពិន័យក្រុមហ៊ុន Google ជាទឹកប្រាក់ចំនួន ៤២,១ ពាន់លានវ៉ុន (៣១,៨៨លានដុល្លារ) ក្រោយបានរកឃើញថា ក្រុមហ៊ុនរបស់អាមេរិកមួយនេះបានទប់ស្កាត់មិនឲ្យគេស្វែងរកហ្គេមមួយចំនួន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមេសានេះបានបញ្ជាក់ថា ហ្គេមដែលបានរងផលប៉ះពាល់ពីសកម្មភាពមិនស្មោះត្រង់របស់ក្រុមហ៊ុន Google នោះមានដូចជា ហ្គេម Netmarble, Nexon, NCSOFT និងប្រភេទហ្គេមតូចៗជាច្រើនទៀត។

គួរបញ្ជាក់ជូនថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងនៅក្រោមរូបភាពថា ក្រុមហ៊ុនហ្គេមបានបង់ប្រាក់ត្រឹមត្រូវឲ្យទៅក្រុមហ៊ុន Google ដើម្បីដាក់លក់ហ្គេមរបស់ពួកគេនៅលើ Google Play ដែលជាប្រភពសម្រាប់ទាញយកកម្មវិធីផ្សេងៗចំពោះទូរស័ព្ទប្រព័ន្ធ Android។ យ៉ាងណាក្តី ក្រុមហ៊ុន Google មិនបានដាក់បង្ហាញហ្គេមមួយចំនួនឲ្យបានត្រឹមត្រូវតាមលក្ខខណ្ឌដែលបានកំណត់នោះទេ ខណៈសកម្មភាពនេះបានធ្វើឲ្យក្រុមហ៊ុនផលិតហ្គេមមួយចំនួនត្រូវខាតបង់ប្រាក់យ៉ាងច្រើននៅក្នុងទីផ្សារលក់ហ្គេមនៅជុំវិញពិភពលោក។ គួររម្លឹកជូនថា កាលពីឆ្នាំ ២០២១ កន្លងទៅ គណៈកម្មាការពាណិជ្ជកម្មយុត្តិធម៌កូរ៉េធ្លាប់បានពិន័យក្រុមហ៊ុន Google ជាទឹកប្រាក់ចំនួន ២០០លានវ៉ុន (ជាង ១៥១ លានដុល្លារ) ម្តងហើយក្នុងករណីស្រដៀងគ្នានេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






