អ៉ីតាលី ប្រកាសអាសន្នជុំវិញករណីជនអន្តោប្រវេសន៍
- BY
- Pheakdey
- April 12, 2023
អ៉ីតាលី៖ រដ្ឋាភិបាលនៃប្រទេសអ៉ីតាលីបានសម្រេចប្រកាសអាសន្នជុំវិញករណីជនអន្តោប្រវេសន៍ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី១២ ខែមេសានេះ។ ការប្រកាសអាសន្ននេះត្រូវបានធ្វើឡើងក្រោយជនអន្តោប្រវេសន៍ជាច្រើននាក់បានសម្រុកឆ្លងដែនចូលក្នុងទឹកដីអ៉ីតាលីយ៉ាងគំហុក ពោលគឺលំហូរនៃជនអន្តោប្រវេសន៍ទាំងអស់នោះមានចំនួនច្រើនលើសពីការគ្រប់គ្រងរបស់អាជ្ញាធរអ៉ីតាលី។

បើតាមលោក Nello Musumeci រដ្ឋមន្រ្តីក្រសួងការពារដែនសមុទ្រនិងជនស៊ីវិលបានបញ្ជាក់ថា ជនអន្តោប្រវេសន៍ទាំងអស់នោះបានធ្វើការភៀសខ្លួនចូលមកកាន់ទឹកដីអ៉ីតាលីដោយធ្វើដំណើរឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ខណៈបើគិតចាប់តាំងពីខែតុលា ឆ្នាំ២០២២ រហូតមកទល់នឹងពេលនេះ គឺអាជ្ញាធរអ៉ីតាលីបានទទួលជនអន្តោប្រវេសន៍ប្រមាណជា ៣១,៣០០នាក់ហើយ។ គួរបញ្ជាក់ជូនថា ចំនួនដ៏ច្រើននៃជនអន្តោប្រវេសន៍ទាំងអស់នេះ គឺជាបន្ទុកដ៏ធ្ងន់ធ្ងរមួយរបស់អាជ្ញាធរអ៉ីតាលី ហើយក្រោយការប្រកាសអាសន្នជុំវិញបញ្ហានេះ គឺអាជ្ញាធរអ៉ីតាលីនឹងទទួលបានកញ្ចប់ថវិកាគាំទ្រចំនួន ៧,២លានដុល្លារ សម្រាប់យកមកដោះស្រាយបញ្ហាផ្សេងៗក្នុងចំណោមជនអន្តោប្រវេសន៍នៅក្នុងរយៈពេល ៦ខែ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






