អន្តរជាតិ

តៃវ៉ាន់បញ្ជាទិញមីស៊ីលសម្រាប់បាញ់នាវាតម្លៃជាង ១ពាន់លានដុល្លារពីសហរដ្ឋអាមេរិកដើម្បីទុកប្រឆាំងនឹងការគំរាមគំហែងរបស់ចិន

BY
Pheakdey
April 18, 2023

តៃវ៉ាន់៖ រដ្ឋាភិបាលកោះតៃវ៉ាន់គ្រោងនឹងបញ្ជាទិញមីស៊ីលសម្រាប់បាញ់នាវាចំនួន ៤០០គ្រាប់ពីសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃអង្គារ ទី១៨ ខែមេសានេះ។ ការបញ្ជាទិញមីស៊ីលនៅក្នុងចំនួនដ៏ច្រើននេះគឺត្រូវបានកោះតៃវ៉ាន់បញ្ជាក់ថា ទុកសម្រាប់ប្រើប្រាស់ប្រឆាំងនឹងការគំរាមគំហែងពីសំណាក់ប្រទេសចិន ដែលជារឿយៗចិនតែងដាក់ពង្រាយកងទ័ពរបស់ខ្លួននៅតំបន់ឆ្នេរសមុទ្រជុំវិញកោះតៃវ៉ាន់។

ប្រភពខាងលើបានបន្តថា មីស៊ីលទាំង ៤០០គ្រាប់នោះមានតម្លៃសរុបចំនួន ១,១៧ពាន់លានដុល្លារ ខណៈកិច្ចសន្យាទិញ-លក់មីស៊ីលទាំងនេះនឹងធ្វើឡើងជាច្រើនដំណាក់កាល ពោលគឺកិច្ចសន្យានឹងត្រូវបញ្ចប់សុពលភាពរហូតដល់ឆ្នាំ ២០២៩ឯណោះ។ គួររម្លឹកជូនថា កាលពីថ្មីៗនេះចិនបានបញ្ជូនកងទ័ពរបស់ខ្លួនឲ្យទៅធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ជាថ្មីម្តង ក្រោយលោកស្រីប្រធានាធិបតីតៃវ៉ាន់បានអញ្ចើញចូលជួបជាមួយនឹងអ្នកនាំពាក្យសេតវិមានអាមេរិក ហើយនៅក្នុងការធ្វើសមយុទ្ធយោធានោះចិនថែមទាំងបានប្រើប្រាស់គ្រាប់ពិតទៀតផង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: