អន្តរជាតិ

ម៉ាឡេស៊ីណែនាំឲ្យពលរដ្ឋខ្លួនពាក់ម៉ាស់និងអនុវត្តវិធានការចាំបាច់មួយចំនួនដើម្បីការពារខ្លួនពីរលកកម្តៅនិងការបំពុលបរិយាកាស

BY
Pheakdey
April 19, 2023

ម៉ាឡេស៊ី​៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានណែនាំឲ្យប្រជាពលរដ្ឋខ្លួនត្រូវពាក់ម៉ាស់ និងអនុវត្តវិធានការចាំបាច់មួយចំនួនដើម្បីឆ្លើយតបជាមួយនឹងបញ្ហាកើនឡើងកម្តៅនិងខ្យល់កខ្វក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃពុធ ទី ១៩ ខែមេសានេះ។ តំបន់ដែលកំពុងរងការវាយប្រហារដោយបញ្ហាអាកាសធាតុអាក្រក់ខាងលើនេះមានដូចជា ទីក្រុង Johan Setia នៃរដ្ឋ Selangor និងក្រុង Kota Bharu ដែលស្ថិតនៅក្នុងរដ្ឋ Kelantan ភាគខាងជើងប្រទេសម៉ាឡេស៊ី។

បើតាមលោកស្រី Zaliha Mustafa រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ីបានបញ្ជាក់ថា បញ្ហាអាកាសធាតុមិនអំណោយផលនៅពេលនេះនៅមិនទាន់ដល់កម្រិតប្រកាសអាសន្នធ្ងន់ធ្ងរនៅឡើយទេ ប៉ុន្តែបើពលរដ្ឋមិនមានការប្រុងប្រយ័ត្ននោះទេគឺវាអាចបង្កឲ្យពួកគេអាចធ្លាក់ខ្លួនឈឺបាន។ ដើម្បីការពារខ្លួនឲ្យមានសុវត្ថិភាព ពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ហានិភ័យខាងលើនេះ ត្រូវពាក់ម៉ាស់ ពាក់មួក ប្រើប្រាស់ឆ័ត្រពេលចេញក្រៅ ញ៉ាំទឹកឲ្យបានច្រើនដើម្បីរក្សាបរិមាណជាតិទឹកនៅក្នុងខ្លួន និងត្រូវកាត់បន្ថយការធ្វើសកម្មភាពនៅខាងក្រៅផ្ទះប្រសិនបើមិនចាំបាច់។ ជាងនេះទៅទៀតដើម្បីចូលរួមទប់ស្កាត់ការបំពុលខ្យល់ដែលកំពុងតែមានភាពកខ្វក់ក្នុងកម្រិតខ្ពស់ទៅហើយនោះ ពលរដ្ឋគួរកាត់បន្ថយសកម្មភាពណាដែលអាចបង្កើតឲ្យមានផ្សែងសាយភាយចូលទៅក្នុងបរិយាកាសផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: