អន្តរជាតិ

Starship ដែលជារ៉ុកកែតដ៏ខ្លាំងខ្លាបំផុតនៅក្នុងប្រវត្តិសាស្រ្តអវកាសបានផ្ទុះក្នុងការបាញ់សាកល្បងលើកដំបូង

BY
Pheakdey
April 21, 2023

អាមេរិក៖ រ៉ុកកែត Starship ដែលជាប្រភេទរ៉ុកកែតអវកាសដ៏ខ្លាំងខ្លាបំផុតនៅក្នុងប្រវត្តិសាស្រ្តអវកាសបានផ្ទុះនៅក្នុងការបាញ់សាកល្បងជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២១ ខែមេសានេះ។ រ៉ុកកែត Starship ត្រូវបានគេគ្រោងធ្វើការបាញ់សាកល្បងតាំងតែពីថ្ងៃចន្ទ ដើមសប្តាហ៍នេះម្លេះ ប៉ុន្តែដោយសារមានបញ្ហាបច្ចេកទេសមួយចំនួនទើបដំណើរការនៃការបាញ់សាកល្បងនេះត្រូវអូសបន្លាយមកដល់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

បើទោះជាយ៉ាងនេះក្តី លោក Elon Musk ដែលជាប្រធានក្រុមហ៊ុន SpaceX នៅតែសម្តែងការសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររបស់លោក និងបាននិយាយលើកទឹកចិត្តពួកគេថា អ្វីដែល​បានកើតឡើង​នៅថ្ងៃនេះ​នឹង​ក្លាយជា​បទពិសោធន៍សម្រាប់​ត្រៀម​រៀបចំ​ការ​បាញ់បង្ហោះ​សាកល្បង​សាជាថ្មីម្តងទៀតនៅ​ក្នុងក្នុងពេលដ៏ខ្លីខាងមុខនេះ។ សូមបញ្ជាក់ជូនផងដែរថា ការបាញ់រ៉ុកកែត Starship ទៅកាន់ទីអវកាស គឺជាមហិច្ឆតាដ៏មុតមាំមួយរបស់ក្រុមអ្នកវិទ្យាសាស្រ្ត ហើយនាពេលកន្លងមកគេក៏បានព្យាយាមបាញ់សាកល្បងគ្រាប់រ៉ុកកែតប្រភេទនេះជាច្រើនដងហើយដែរ តែការបាញ់ជាក់ស្តែងមិនធ្លាប់កើតមាននោះទេ ខណៈការបាញ់សាកល្បងនៅលើកទី១ នេះក៏ត្រូវទទួលបានបរាជ័យទៀត៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia

 

Share This Post: