អៀរឡង់ណែនាំឲ្យមន្ត្រីរាជការទាំងអស់ត្រូវតែលុបកម្មវិធី TikTok ចេញពីឧបករណ៍អេឡិចត្រូនិចរបស់រដ្ឋាភិបាល
- BY
- Pheakdey
- April 22, 2023
អៀរឡង់៖ អៀរឡង់បានក្លាយជាប្រទេសនៅតំបន់អឺរ៉ុបមួយទៀតហើយដែលបានបង្ហាញនិន្នាការអវិជ្ជមានចំពោះកម្មវិធី TikTok ដែលជាបណ្តាញសង្គមកំសាន្តកំពុងមានប្រជាប្រិយភាពបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃសោរ៍ ទី ២២ ខែមេសានេះបានបញ្ជាក់ថា រដ្ឋាភិបាលនៃប្រទេសអៀរឡង់កាលពីថ្ងៃម្សិលមិញនេះបានណែនាំឲ្យមន្ត្រីរាជការនៅក្រោមឱវាទរបស់ខ្លួនទាំងអស់ត្រូវតែលុបកម្មវិធី TikTok ចេញពីឧបករណ៍អេឡិចត្រូនិចទាំងឡាយណាដែលជាកម្មសិទ្ធរបស់រដ្ឋ។

ចំពោះហេតុផលនៅពីក្រោយការសម្រេចដ៏តឹងរឹងនេះ គឺមិនខុសពីហេតុរបស់ប្រទេសធំៗមួយចំនួនដែលបានសម្រេចហាមឃាត់កម្មវិធី TikTok កាលពីពេលថ្មីៗនេះនោះទេ ពោលគឺវាត្រូវបានធ្វើឡើងក្រោមហេតុផលថា ដើម្បីការពារសុវត្ថិភាពទិន្នន័យរបស់រដ្ឋាភិបាលពីការលួចតាមដានរបស់កម្មវិធី TikTok ដែលគេសង្ស័យថា ជាកម្មវិធីចារកម្មរបស់រដ្ឋាភិបាលចិន។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះប្រទេសដែលបានសម្រេចហាមខាតកម្មវិធី TikTok មានដូចជា ប្រទេសអាហ្វហ្គានីស្ថាន អូស្រ្តាលី កាណាដា ដាណឺម៉ាក បារាំង ឥណ្ឌា ឡាតវី ហូឡង់ នូវែលសេឡង់ ន័រវែស ប៉ាគីស្ថាន តៃវ៉ាន់ អង់គ្លេស អាមេរិក និងសហភាពអឺរ៉ុបផងដែរ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






